នៅថ្ងៃចុងសប្ដាហ៍កន្លងទៅ ថ្ងៃទី ១០-១១ ខែឧសភា ឆ្នាំ ២០២៥ ផ្លូវថ្មើរជើង Walk Street មានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកដើរកម្សាន្តយ៉ាងច្រើនកុះករ គយគន់ការសម្ដែងទស្សនីយភាពសម្ដែង ស្តង់លក់អាហារ និង វត្ថុអនុស្សាវរីយ៍ បណ្ណាល័យចល័ត ព្រមទាំងសកម្មភាពកម្សាន្តសប្បាយជាច្រើនផងដែរ។
គួរកត់សម្គាល់ផងដែរថា ចាប់តាំងពីការបើកដំណើរការផ្លូវថ្មើរជើង ដែលធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យកន្លងមក យើងសង្កេតឃើញថា មានភ្ញៀវទេសចរចូលរួមដើរកម្សាន្តជាហូរហែពុំដែលស្ងាត់នោះឡើយ មានមនុស្សកកកុញ សប្បាយរីករាយប្រៀបបានទៅនឹងពិធីបុណ្យអុំទូក ដើរកម្សាន្តញញឹមសប្បាយរីករាយរៀងរាល់ថ្ងៃចុងសប្ដាហ៍ ចំកណ្ដាលបេះដូងរាជធានីភ្នំពេញ ដែលជាភូមិសាស្ត្រដ៏ល្អ ជាទីទាក់ទាញសម្រាប់វិស័យទេសចរណ៍។
គួរឱ្យដឹងផងដែរថា ផ្លូវថ្មើរជើង Walk Street ត្រូវបានបើកឱ្យដើរកម្សាន្តរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ នៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖