ដំណឹងមរណភាពដ៏ក្រៀមក្រំ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកក្នុងចង្កោមសិល្បៈមានការសោកស្ដាយជាខ្លាំង ចំពោះមរណភាពរបស់ពិធីការិនីល្បីឈ្មោះ នូ មៈនេត្រអាថាណា។
តាមរយៈការបង្ហោះសារលើហ្វេសប៊ុកជូនដំណឹងពីបងស្រីរបស់ពិធីការិនីរូបនេះ បានឱ្យដឹងថាកញ្ញា នូ មៈនេត្រអាថាណា បានទទួលមរណភាពនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០៦ នាទីយប់ នៅឯមន្ទីរពេទ្យប្រទេសថៃ។ ក្នុងការបង្ហោះនោះបានឱ្យដឹងថា សពពិធីការិនី នូ មៈនេត្រអាថាណា នឹងត្រៀមដឹកមកខ្មែរនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ដែលរៀបចំពិធីបុណ្យនៅគេហដ្ឋានបុរីវិមាន ភ្នំពេញ 598។ ជាមួយគ្នានោះ បងស្រីរបស់ពិធីការិនីរូបនេះ ក៏បានប្រាប់ពីមូលហេតុនៃមរណភាពរបស់ប្អូនស្រី គឺដោយសារជំងឺមហារីក។
នេះបើតាមរយៈការជូនដំណឹងលើហ្វេសប៊ុក MaDa HP ដែលជាបងស្រីរបស់ពិធីការិនី នូ មៈនេត្រអាថាណា បានរៀបរាប់ថា ៖ «សូមអភ័យទោសបងប្អូន ប្អូនស្រីបស់ខ្ញុំ កញ្ញា នូ មៈនេត្រអាថាណា គាត់បានផុតថ្ងៃអាទិត្យ ទី ២៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង 11:06 នាទីយប់មិញ ដោយជំងឺមហារីក។ សម្រាប់ពិធីបុណ្យនឹងធ្វើនៅគេហដ្ឋាននៅបុរីវិមាន ភ្នំពេញ 598 រង់ចាំសពដឹកមកដល់ផ្ទះ ថ្ងៃសុក្រ ទី ៣១ ខែមករា ឆ្នាំ ២០២៥ ព្រោះប្អូនផុតនៅមន្ទីរពេទ្យថៃ។ សូមអរគុណបងប្អូន ដោយខ្ញុំមិនអាចឆ្លើយសារអស់ សូមជូនដំណឹងនេះដល់មិត្តប្អូនផង ពត៌មានបន្ថែមនាងខ្ញុំនឹងជម្រាបជូនបន្ត»៕