នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានឱ្យដឹងថាកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់។ ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និង បង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។
ក្រសួងការពារជាតិ បានបន្តថាកម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និង ការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និង កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖