នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ រឿងដ៏គួរឱ្យសោកស្ដាយ និង ក្រៀមក្រំបំផុត បានកើតឡើងចំពោះតារាសម្ដែងលោក សេង មង្គល ដែលលោកបានជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់ គឺជីដូនបង្កើតរបស់លោកបានទទួលមរណភាពហើយ។
ដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនបានចែករំលែកបង្ហាញការសោកស្ដាយ ព្រមទាំងចូលរួមរំលែកទុក្ខជាមួយលោក សេង មង្គល និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែសម្ដែងការសោកស្ដាយ ខណៈបានដឹងថាមួយរយៈធំមកនេះ លោក សេង មង្គល បានខិតខំរកលុយដើម្បីគ្រួសារដែលកំពុងសាងសង់ផ្ទះថ្មីដើម្បីបានរស់ជុំប៉ាម៉ាក់ និង ជីដូន ប៉ុន្តែផ្ទះសង់មិនរួចរាល់ផង បែរជាបាត់បង់ជីដូនទៅហើយ។
ក្នុងនោះដែរ ងាកមើលលើហ្វេសប៊ុករបស់លោក សេង មង្គល បន្ទាប់ពីលោកបង្ហោះដំណឹងមរណភាពរបស់ជីដូន អ្វីកាន់តែធ្វើឱ្យមហាជនរំជួលចិត្តតាម ខណៈបានឃើញលោកបង្ហោះសារបង្ហាញអារម្មណ៍ឈឺចាប់ឱ្យដឹងថា លោកបានខំព្យាយាមពន្លឿនជាងផ្ទះឱ្យសាងសង់ឆាប់រួច ដើម្បីបានជីដូនរស់នៅផ្ទះថ្មីជុំគ្នា តែចុងក្រោយនៅតែមិនអាចទាន់ដង្ហើមជីដូន។
ក្នុងនោះ លោក សេង មង្គល បានបង្ហោះរៀបរាប់ថា ៖ «ខ្ញុំបានពន្លឿនជាងផ្ទះ ធ្វើឱ្យឆាប់រួចរាល់ដើម្បីជីដូនខ្ញុំបានរស់នៅផ្ទះថ្មីជុំគ្នា ប៉ុន្តែនៅតែមិនទាន់ដង្ហើមគាត់ អ្នកណាមិនឈឺ»៕