បើទោះជា ប្រឹងរកស៊ីផង ធ្វើការផង ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និង ដោះបំណុលផងនោះ លោក សឿន វីតា ក៏ហាក់មិនទាន់រយាលបំណុលនៅឡើយនោះទេ ពោលគឺសាច់ប្រាក់នៃបំណុលរបស់លោកនៅសល់ខ្ទង់ម៉ឺនដុល្លារនៅឡើយ។
យ៉ាងណាក៏ដោយ មហាជនក៏បានសរសើរ និង លើកទឹកចិត្តដល់តារាសម្តែង សឿន វីតា ដែលមិនរត់គេចទៅណា ថែមទាំងប្រឹងប្រែងរកចំណូល ដើម្បីចិញ្ចឹមប្រពន្ធកូនផង និង ដោះបំណុលផង។
ដោយឡែក ស្រាប់តែថ្មីៗនេះ លោក សឿន វីតា បានរំឭកអនុស្សារីយ៍ពីរៀមច្បង ឃុំ ប៉ុណ្ណាដែត កាលពីប្រមាណជាង ១ ឆ្នាំ មុន ដោយលោកធ្លាប់បានឆាតសុំខ្ចីប្រាក់លោក ឃុំ ប៉ុណ្ណាដែត ពេលកូនស្រីទី ២ ឈឺ តែបែរជាត្រូវបានលោក ឃុំ ប៉ុណ្ណាដែត អាណិតស្រឡាញ់ឱ្យប្រាក់ទៅលោក ដោយមិនបាច់សងវិញឡើយ។
ទឹកចិត្តរៀមច្បងដែលមិនអាចបំភ្លេចបាននេះ លោក សឿន វីតា បានបង្ហោះពីការដឹងគុណលោកនៅលើហ្វេសប៊ុកថា៖ «ថ្ងៃនេះបងប្រុសបានជួយទិញអង្កររំដួល 1B ហើយខ្ញុំបានយកត្រីងៀត និង អន្ទង់ងៀតជូនបងប្រុសហូប។ ក្នុងខែ ៣/៥/២០២៣ បងប្រុសបានជួយសង្គ្រោះជីវិតកូនស្រីទី ២ របស់ខ្ញុំពេលដែលឈឺខ្លាំងកម្ដៅ ៤០ អង្សា ពេលនោះខ្ញុំអស់ផ្លូវដើរ ជំពាក់គេដើរដល់ផ្លូវទាល់បានឆាតទៅបងប្រុសសុំខ្ចីបង ១៥០$ ដើម្បីជូនកូនទៅពេទ្រ។ បងប្រុសឃើញភ្លាម បាញ់លុយមកភ្លាម ដើម្បីជួយកូនខ្ញុំ ហើយប្រាប់ថាលុយបងឱ្យជូនកូនអូនទៅណា។ គុណបុណ្យរបស់បងប្រុស ប្អូនមិនដែលភ្លេចគុណបងទេ ហើយបងប្រុសផ្តល់កម្លាំងចិត្តឱ្យរហូត។ @អ្នកមានគុណ»៕