នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីជូនដំណឹងថា គិតមកដល់ពេលនេះ សាលារៀនចំនួន ៤៨៨ ដែលស្ថិតនៅតាមបណ្ដាខេត្ត ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ព្រះវិហារ កោះកុង និង ខេត្តពោធិ៍សាត់ ត្រូវបានបិទជាបណ្ដោះអាសន្ន។
ការសម្រេចចិត្តបិទសាលារៀន ដែលជាថ្នាលផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សដ៏ច្រើនសន្ធឹកពីបណ្ដាខេត្តធំៗជាប់ព្រំដែននេះ គឺដោយសារការឈ្លានពានយ៉ាងគឃ្លើន ពោរពេញដោយទង្វើអមនុស្សធម៌ពីសំណាក់យោធាថៃ បានបាញ់គ្រាប់ផ្លោង និង អាវុធផ្ដាច់ជីវិតយ៉ាងសាហាវឃោរឃៅនានាមកលើទឹកដីប្រទេសកម្ពុជា ដោយមិនត្រឹមបាញ់លើគោលដៅទាហាននោះទេ គឺថៃមានគោលបំណងបាញ់ និង ទម្លាក់គ្រាប់បែកមកនៅតំបន់ប្រជាពលរដ្ឋរស់នៅ។
តាមរយៈសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះថា ការប្រយុទ្ធគ្នាពីរថ្ងៃកន្លងមកនេះ នៅពេលថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឱ្យទាហានកម្ពុជា ចំនួន ៥ នាក់ បានពលីជីវិត និង រងរបួសចំនួន ២១ នាក់។
ក្រៅពីទាហានកម្ពុជាហើយនោះ ថៃដែលបាន និង កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៊ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឱ្យជនស៊ីវិលកម្ពុជាចំនួន ៨ នាក់ បានស្លាប់ និង រងរបួសចំនួន ៥០ នាក់ នៅក្នុងខេត្តឧត្តរមានជ័យ៕