ជារឿងរ៉ាវមួយដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានសាលាប៉ូលិសមួយនៅប្រទេសជប៉ុន បានជួលជាងមកបង្រៀនផាត់មុខដល់សិស្សប្រុស ដើម្បីឱ្យចេះតែងមុខឱ្យសមសួនពេលចេញទៅធ្វើការ។
សាលាប៉ូលិសមួយនេះមានឈ្មោះថា Fukushimaken Keisatsugakko ស្ថិតនៅខេត្ត Fukushima ប្រទសជប៉ុន។ ថ្មីៗនេះខាងសាលាបានបើកវគ្គបណ្តុះបណ្តាលថ្មីទៅដល់សិស្សប្រុសចំនួន ៦០ នាក់ ដែលរៀបចំនឹងបញ្ចប់ការសិក្សា ដោយជាវគ្គដែលបង្រៀនសិស្សឱ្យចេះផាត់មុខតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាពិសេសគឺដើម្បីបង្កើនបុគ្គលិកភាពដល់សិស្សនៅពេលចេញធ្វើការ ខណៈដែលពួកគេត្រូវជួបជាមួយប្រជាជនញឹកញាប់។
ក្នុងនោះ ខាងសាលាបានសហការជាមួយនឹងអ្នកប្រឹក្សាមកពីគ្រឿងសម្អាងដ៏ល្បីរបស់ជប៉ុន Shiseido ដែលអំឡុងពេលវគ្គសិក្សា នាងបានបង្រៀនសិស្សក្នុងការផាត់មុខទូទៅ ព្រមទាំងវិធីសំខាន់ៗដូចជាការកាត់រោមចិញ្ចើម និងធ្វើសក់ជាដើម។ យ៉ាងណាមិញ ទោះបីជាសិស្សហាក់ដូចជាមិនស្ទាត់ និង ពិបាកក្នុងការធ្វើតាម ប៉ុន្តែវគ្គសិក្សានេះបានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង សរសើរដល់ខាងសាលាខ្លាំងណាស់ ដែលយកចិត្តទុកដាក់ជាមួយសិស្សបែបនេះ៕
ប្រភព៖ Khaosod