មហាជននិយមតាមដានពីព័ត៌មានផ្សេងៗរបស់មន្ទីរពេទ្យកុមារអង្គរ ច្បាស់ជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ មន្ទីរពេទ្យបានចាប់ផ្តើមបេសកកម្មថ្មីក្នុងយុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» ដែលមានលោក សាយ និង ឌីជេ ណាណា គឺជាទូតសុឆន្ទៈ។ ក្នុងនោះ យុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» បានចាប់ពីថ្ងៃទី ០៦ ដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងយុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» នេះដែរ គឺរៀបចំឡើងក្នុងគោលបំណងធំៗចំនួន ៣ រួមមាន៖
១. បង្កើនការយល់ដឹងជាសាធារណៈអំពីជំងឺមហារីកកុមារនៅក្នុងប្រទេសកម្ពុជា រួមមានដូចជា រោគសញ្ញា ការព្យាបាល និង ការជួយសង្រ្គោះឲ្យទាន់ពេលវេលា។
២. គាំទ្រ និង អនុវត្តតាម «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» របស់ប្រទេសកម្ពុជា សម្រាប់តម្រង់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារ ការធ្វើរោគវិនិច្ឆ័យជំងឺទាន់ពេលវេលា ការព្យាបាល និង ការថែទាំប្រកបដោយប្រសិទ្ធភាពលើកុមារទាំងអស់នៅទូទាំងប្រទេស។
៣. រៃអង្គាសថវិកា ដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ ដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តផ្តល់ការព្យាបាល និង ថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។

យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ យុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» បានឈានដល់សប្តាហ៍ទី ៣ ហើយ ពោលគឺនៅសល់ត្រឹម ១ សប្តាហ៍ទៀតប៉ុណ្ណោះ យុទ្ធនាការខាងលើនេះ នឹងត្រូវបានបញ្ចប់។

គួរជម្រាបថា គិតត្រឹមសប្តាហ៍ទី ៣ យុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» របស់មន្ទីរពេទ្យកុមារអង្គរ ទទួលបានការបវិច្ចាគប្រមាណ ៦៥៦៨៥,៨២ ដុល្លារ៕

