បន្ទាប់ពីក្លាយជាម្ចាស់មកុដថ្មីនៃកម្មវីធី Miss Cosmo Cambodia 2025 ប៉ុន្មានខែមកនេះ បវរកញ្ញា ផន ស្រីពី បានបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាម្ចាស់មកុដ Miss Cosmo Cambodia 2025 និង បានបង្ហាញសមិទ្ធផលថ្មីៗលើកមុខមាត់ប្រទេស ដែលត្រូវបានអញ្ជើញចូលរួមកម្មវីធិអន្តរជាតិធំៗលើទឹកដីប្រទេសវៀតណាម និង ដើរបង្ហាញម៉ូតនៅប្រទេសផ្សេងៗបន្តបន្ទាប់។
ដោយឡែក ងាកទៅចាប់អារម្មណ៍ពីការត្រៀមខ្លួនបំពេញបេសកម្មលើឆាកអន្តរជាតិវិញ កញ្ញា ផន ស្រីពី ក៏បានបង្ហាញពីការខំប្រឹងហ្វឹកហាត់ ទាំងសមត្ថភាព និង ចំណេះដឹង ក៏ដូចជាឆន្ទះដ៏មោះមុតរបស់នាងសម្រាប់ដំណើរការប្រកួតលើឆាក Miss Cosmo 2025 នេះ។
ចំពោះដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Cosmo 2025 ត្រូវបានប្រកាសឱ្យដឹងថា នឹងធ្វើឡើងនៅប្រទេសវៀតណាម ដែលចាប់ផ្ដើមចូលកងប្រកួតពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។
យ៉ាងណាមិញ ស្របពេលកាន់តែកៀកខែចេញទៅប្រកួតលើឆាកអន្តរជាតិ ថ្មីៗនេះ បវរកញ្ញា ផន ស្រីពី ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ចំពោះការត្រៀមខ្លួនរបស់នាង ខណៈបង្ហាញភាពជឿជាក់ជាងមុនលើការរៀបចំខ្លួន ដែលនាងបានសំងំថែសម្រស់វះកាត់កែកុនចំណុចខ្លះបន្ថែម ពេលនេះកាន់តែស្រស់ស្អាតឆ្វាចទាំងរូបរាង និង មុខមាត់៕