ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឧត្តមនាវីឯក Panpakdee Pattanakul អគ្គមេបញ្ជាការនៃកងទ័ពអាកាសថៃ បានទម្លាយឱ្យដឹងថា ខ្លួនត្រៀមបញ្ជូនយន្តហោះចម្បាំងទៅប្រតិបត្តិការក្នុងរយៈពេលត្រឹម ៥ នាទី បើសិនជាមានប្រើប្រាស់កម្លាំងនៅតាមព្រំដែនកម្ពុជា-ថៃពិតមែន។
នៅពេលដែលអ្នកកាសែតប្រាប់ថា នាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ប្រាក់រង្វាន់ដល់ទាហានខ្មែរដែលបាញ់ទម្លាក់យន្តហោះចម្បាំងថៃ លោក Panpakdee Pattanakul បានតបវិញថា ថៃគ្មានចេតនាឈ្លានពានអ្នកណាទេ គ្រាន់តែការពារអធិបតេយ្យភាពរបស់ប្រទេសខ្លួនប៉ុណ្ណោះ។
លោក Panpakdee Pattanakul បានសង្កត់ធ្ងន់ថា ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយគ្រប់ស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព និង សូមឱ្យប្រជាជនជឿទុកចិត្ត ប៉ុន្តែនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីបង្កគ្រោះថ្នាក់ដល់ភាគីដទៃជាមុននោះទេ៕
ប្រភព៖ Khaosod