បញ្ហាលិង្គមិនឡើងរឹង ដែលអ្នកវិទ្យាសាស្ត្រហៅថា Erectile Dysfunction (ED) ជាទូទៅវាប្រែប្រួលចុះខ្សោយទៅតាមអាយុ ដោយសារការធ្លាក់ចុះនៃអ័រម៉ូនតេស្តូស្តេរ៉ូន (testosterone)។ ហេតុដូច្នេះមនុស្សជាច្រើនបានគិតថា បញ្ហានេះអាចកើតឡើងតែលើមនុស្សចាស់តែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងវាអាចប៉ះពាល់ និង មានបញ្ហាចំពោះមនុស្សប្រុសវ័យក្មេងផងដែរ។
យោងតាមការស្ទង់របស់អ្នកវិទ្យាសាស្ត្រ បញ្ហាលិង្គមិនឡើងរឹងអាចប៉ះពាល់ប្រមាណ ៨ % ចំពោះមនុស្សប្រុសវ័យពី ២០-២៩ ឆ្នាំ និង ប៉ះពាល់ ១១ % ចំពោះវ័យពី ៣០-៣៩ ឆ្នាំ។ ទិន្នន័យក៏បានបង្ហាញដែរថា ចំនួនបុរសអាយុក្រោម ៤០ ឆ្នាំ បាន និង កំពុងស្វែងរកថ្នាំព្យាបាលបញ្ហាមិនឡើងរឹង ក៏បានកើនឡើងជាលំដាប់ផងដែរ។
កត្តាជាច្រើនទៀតដែលរួមចំណែកចម្បង ធ្វើឱ្យលិង្គមិនឡើងរឹងចំពោះបុរសគ្រប់វ័យ គឺពាក់ព័ន្ធនឹងរាងកាយ និង ផ្លូវអារម្មណ៍ ដែលទាំងពីរនេះពិតជាមានសារសំខាន់ចំពោះសកម្មភាពផ្លូវភេទ។ ក្នុងនោះរួមមាន កើតជំងឺថប់បារម្ភ, ធ្លាក់ទឹកចិត្ត, ស្ត្រេស, អារម្មណ៍ខ្មាសអៀន ឬ អារម្មណ៍គ្មានទំនុកចិត្តនៅពេលប្រតិបត្តិការរួមភេទ។ ការជក់បារី ផឹកស្រាច្រើន ប្រើសារធាតុញៀន លើសទម្ងន់ ឬ ធាត់ កង្វះសកម្មភាពរាងកាយ ជាពិសេសការប្រើអាហារបំប៉នជំនួយហាត់ប្រាណ ជំនួយអ័រម៉ូន testosterone ឬ ផលិតផលជំនួយលិង្គ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។
ចំពោះសញ្ញាកើតបញ្ហាលិង្គមិនឡើង ឬ គេហៅមិនគោរពទង់ជាតិ អាចសម្គាល់ដូចជា លិង្គអាចឡើងរឹង ប៉ុន្តែមិនមែនគ្រប់ពេល ឬ ពេលចង់ឡើងតែមិនឡើង, លិង្គឡើងរឹងមិនបានយូរ និង មួយដែលចំៗគឺមិនឡើងតែម្តង។
ដើម្បីកែប្រែ បុរសគប្បីផ្លាស់ប្តូរទម្លាប់ទាំងប៉ុន្មានឡើងវិញ ដោយកាត់បន្ថយស្ត្រេស ឈប់ជក់បារី ឈប់ផឹកស្រា យកចិត្តទុកដាក់ទៅលើរបបអាហារ ហាត់ប្រាណឱ្យរាងកាយសកម្ម និង ដេកឱ្យបានគ្រប់គ្រាន់។ ការធ្វើដូចនេះល្អទាំងសុខភាពផ្លូវភេទ និង រាងកាយទូទៅ។ ករណីអនុវត្តជាប្រចាំហើយនៅតែមិនមានអ្វីប្រែប្រួល អ្នកគប្បីណាត់ជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សា និង ធ្វើការព្យាបាល៕
ប្រភព៖ medicalnewstoday