សម័យបច្ចេកវិទ្យា មនុស្សភាគច្រើនធ្វើការទំនាក់ទំនងគ្នាតាមប្រព័ន្ធអនឡាញ ជាពិសេសអ្នកចង់រកគូស្នេហ៍ អាចប្រើប្រាស់កម្មវិធីរកគូដូចជា Tinder ជាដើម។ យ៉ាងណាមិញ បើបានស្គាល់នរណាម្នាក់នៅលើ App ប្រភេទនេះ មុនណាត់ជួបពួកគេ អ្នកត្រូវប្រុងប្រយ័ត្នលើបុគ្គល ៣ ប្រភេទនេះ៖
១. ចង់ជួបទាន់ហន់
ប្រសិនបើនរណាម្នាក់សន្ទនាបញ្ចុះបញ្ចូលអ្នកឱ្យមានអារម្មណ៍ខ្លាំង ឬមួយឱ្យបាក់ចិត្តលើគេលឿន អ្នកគួរតែហាមចិត្តជាបន្ទាន់។ អ្នកត្រូវដឹងថា ទំនាក់ទំនងពិតប្រាកដ វាត្រូវការប្រើពេលវេលាដើម្បីអភិវឌ្ឍន៍។ អ្នកដែលចង់ជួបលឿន ភាគច្រើនអាចអាចមានបំណងមិនល្អ ឬធ្វើរឿងអាក្រក់ដែលមិននឹកស្មានដល់។

២. រូបភាពមិនសមនឹងអត្តចរិត
ត្រូវប្រុងប្រយ័ត្នទៅលើបុគ្គលដែលដាក់រូបភាពមិនស៊ីមេទ្រីនឹងអាកប្បកិរិយារបស់ពួកគេ។ បើការសន្ទនារបស់ពួកគេមើលមកមិនស៊ីនឹងរូប Profile ឬការនិយាយមិនសមទំនងជាមនុស្សក្នុង Profile ឬមួយមិនបង្ហាញព័ត៌មានច្បាស់លាស់ វាអាចជាសញ្ញាបង្ហាញថា មិនមែនជា Profile ពិតរបស់ពួកគេឡើយ។ បទពិសោធច្រើនកន្លងមក វាជាការប្រមាញ់ដើម្បីបោកប្រាស់។

៣. បង្ហាញអារម្មណ៍អវិជ្ជមាន ឬឈ្លើយ
ប្រសិនបើឆាតជួបបុគ្គលដែលចូលចិត្តបង្ហាញអារម្មណ៍អវិជ្ជមាន រិះគន់អ្នកដទៃ ឆេវឆាវ ឬប្រើពាក្យមិនសមរម្យ វាជាសញ្ញាងាយបង្កជម្លោះនៅក្នុងទំនាក់ទំនង។ អាកប្បកិរិយាបែបនេះ ឆ្លុះបញ្ចាំងពីបុគ្គលចូលចិត្តប្រើកំហឹង ហិង្សា និង ខ្វះការគោរព។ បើជួបទំនាក់ទំនង មិនយូរមិនឆាប់អាចបង្កជម្លោះ ជួនមានរឿងដាក់ខ្លួនដោយសារពួកគេទៀតផង៕
