នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ សមាជិកសភាក្នុងប្រទេសថៃ បានស្នើឱ្យមានការប្រគល់អំណាចទៅលើទាហានទាំងស្រុង ក្នុងការដោះស្រាយជាមួយកម្ពុជាជុំវិញបញ្ហាព្រំដែន ហើយឱ្យប្រកាសច្បាប់អាជ្ញាសឹកលើខេត្តចំនួន ៧ ដែលជាប់ព្រំដែនជាមួយកម្ពុជា រួចផ្តាច់ទំនាក់ទំនងគ្រប់បែបយ៉ាង។
គំនិតទាំងអស់នេះ ត្រូវបានលើកឡើងដោយលោក Sukit Thangthong ជាសមាជិកព្រឹទ្ធសភា ដោយលោកបានស្នើឱ្យប្រកាសច្បាប់អាជ្ញាសឹកនៅខេត្តជាប់ព្រំដែនកម្ពុជាទាំងអស់ រួមមានខេត្ត ឧប៊ុនរ៉ាថានី ស៊ីសាកេតុ សុរិន្ទ បុរីរម្យ ស្រះកែវ ចន្ទបុរី និង ខេត្តត្រាត។ លោកក៏បានស្នើឱ្យប្រគល់សិទ្ធិអំណាចពេញលេញទៅកាន់យោធា ក្រោមគោលការណ៍ CI31 ព្រមទាំងធ្វើវិសោធនកម្មទៅលើអនុស្សរណៈនៃការយោគយល់គ្នា MOU ឆ្នាំ ២០០០។
លោក Sukit Thangthong សមាជិកព្រឹទ្ធសភាដដែលនេះ បានលើកឡើងទៀតថា រាល់ច្រកព្រំដែនទាំងអស់ ត្រូវតែបិទរហូតដល់តែការបោះបង្គោលព្រំដែនបានបញ្ចប់ ហើយសេវាសារធាណៈដែលមានដូចជា អគ្គិសនី ទឹក អ៊ីនធើណេត ក៏ដូចជាការនាំចេញផលិតផលផ្សេងៗ ក៏ត្រូវតែផ្អាករហូតទាល់តែបញ្ហាជម្លោះត្រូវបានដោះស្រាយផងដែរ៕
ប្រភព ៖ Thairath