នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និង ផលិតផលសត្វ បានត្រួតពិនិត្យរថយន្តចំនួន ០១ គ្រឿង ម៉ាក SSANGYONG ISTANA ពណ៌សំបកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥ កៅអី ប្រើស្លាកលេខ ២ ផ្សេងគ្នា ស្លាកលេខខាងមុខភ្នំពេញ ២J-៤៧៨៧ និង ស្លាកលេខខាងក្រោយតាកែវ ២C-៧៨១២ ដែលក្នុងរថយន្ត ក្រុមការងារបានរកឃើញស៊ុតសត្វមាន់សរុបទាំងអស់ ២៥ ៣២០ គ្រាប់។
ក្រោយឃាត់ និង ពិនិត្យជាក់ស្ដែង និង មានការសារភាពពីអ្នកបើករថយន្ត និង តំណាងម្ចាស់ បានឱ្យដឹងថា ស៊ុតសត្វទាំងអស់នេះ ត្រូវបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង គ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញឡើយ។
ក្នុងនោះ កំឡុងពេលក្រុមការងារស្នើសុំរថយន្តខាងលើឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែម្ចាស់រថយន្តមិនសហការនឹងបានបើករថយន្តរត់គេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ចាប់តាំងពីចំណុចភ្លើងស្តុបបាគូ រហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក លើផ្លូវ ៣០ ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបក្រុមការងារអាចឃាត់រថយន្តខាងលើបាន។ បច្ចុប្បន្ននេះ ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕