មហាជននិយមតាមដានវិស័យបវរកញ្ញា និង អ្នកគាំទ្រ Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា បាន និង កំពុងបង្ហាញការប្រតិកម្មយ៉ាងខ្លាំង ខណៈមានអ្នកសារព័ត៌មានថៃមួយរូប បានប្រើពាក្យមិនសមរម្យមកកាន់នាង ក្នុងន័យចំអកឡកឡាយ កាលពីរាត្រីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។

ក្នុងនោះដែរ ក្រោយទទួលបានពាក្យសម្ដីឡកឡាយពីអ្នកសារព័ត៌មានជនជាតិថៃរូបនោះហើយ បវរកញ្ញាចក្រវាល មកពីបណ្តាប្រទេសនានា ព្រមទាំងអ្នកគាំទ្រជាច្រើនមិនត្រឹមតែបានបង្ហាញអារម្មណ៍មិនពេញចិត្តនោះទេ តែក៏បានលើកទឹកចិត្តទៅកាន់ Miss Universe Cambodia 2025 ដែលត្រូវមកជួបបញ្ហាដដែលៗបែបនេះជាលើកទី ៣ ហើយ។

យ៉ាងណាមិញ ក្រឡេកទៅមើល ហ្វីយ៉ាតា ក្រោយត្រូវបានមហាជន អ្នកគាំទ្រ និង បវរកញ្ញាជាច្រើនបានបង្ហាញការបារម្ភ និង ផ្ញើសារលើកទឹកចិត្តជាបន្តបន្ទាប់នោះ នៅរសៀលថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ ២០២៥ នេះ អ្នកនាង បានបង្ហោះសារបង្ហាញពីភាពរឹងមាំរបស់ខ្លួន ក្នុងនាមជាកូនខ្មែរមួយរូប បើទោះជារងពាក្យប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងណា ក៏នៅតែក្រោកឈរបាន។

អ្នកនាង ហ្វីយ៉ាតា បានរៀបរាប់ថា៖ «ខ្ញុំទទួលបានសារអ្នកទាំងអស់គ្នា! បានឃើញ បានអានហើយណា។ ខ្ញុំអរគុណ ហើយសុំទោស ដែលធ្វើឱ្យបារម្ហ តាមពិតខ្ញុំពិតមិនចង់បង្ហាញ តែពិភពលោកនេះពេលខ្លះតម្រូវឱ្យយើងបែបនេះ។ កុំបារម្ហ! សល់ពេលមិនយូរទេ យើងបានជួបគ្នាវិញហើយ។ ទោះមានរឿងប៉ះផ្លូវចិត្តខ្ញុំ តែជឿខ្ញុំទៅ គេកាន់តែធ្វើពិភពលោកកាន់តែឃើញ។ ខ្ញុំកូនខ្មែរណា រឿងអីខ្ញុំងើបឈរវិញមិនកើត»៕




