នៅក្នុងឆ្នាំ ២០២៥ នេះ ពិធីបុណ្យកឋិនទាន នឹងត្រូវចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១ រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
– ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និង សង្គម
– ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង
– ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ
– ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ
– ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥ យ៉ាង ៖
ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ ១ ដង មានរយៈពេលកំណត់ត្រឹមតែ ២៩ ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ ១ ដង ប៉ុណ្ណោះ
ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និង សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ
ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ
ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់ ៣ ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន
ទី៥. ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥ យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គាហកៈអ្នកទទួលក៏បាន អានិសង្ស ៥ ដូចគ្នាគឺ ១.គឺត្រាច់ទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។
ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និង វិស័យ សង្គមកិច្ចជាដើម៕