មានស្រ្តីជាម្តាយជនជាតិម៉ាឡេស៊ីម្នាក់ បានចែកចាយពីបទពិសោធថ្ងៃខួបកំណើតកូនប្រុសប៊ិះនឹងក្លាយជាបុណ្យសព ក្រោយបណ្តោយកូនតែមួយភ្លែត ស្រាប់តែកូនលេបប៉ោងៗស្លាក់ជាប់បំពង់ក ប៊ិះនឹងជួយសង្រ្គោះមិនទាន់។
ស្រ្តីជាម្តាយបានរៀបរាប់ឱ្យដឹងថា នាងបានរៀបចំកម្មវិធីខួបកំណើតឱ្យកូនប្រុស ដោយបានហៅក្មេងៗមកជួបជុំ ហើយក៏បណ្តោយឱ្យពួកគេលេងជាមួយគ្នា។ តែមួយសន្ទុះក្រោយមក នាងចាប់អារម្មណ៍ថាកូនប្រុសរបស់នាងដកដង្ហើមមានឮសំឡេង ទើបនាងដើរទៅយកថ្នាំមកបាញ់ ព្រោះកូននាងធ្លាប់មានជំងឺហឺតពីមុនមក តែសុខៗកូនរបស់នាងក៏ទៅជាស្វាយមុខ បាត់មាត់បាត់ក ហើយបេះដូងក៏លែងដើរទៀត។ ប្តីរបស់នាងក៏បានប្រញាប់ធ្វើការសង្រ្គោះបឋមឱ្យកូន តែមើលទៅកាន់តែមិនស្រួល ទើបប្រញាប់បញ្ជូនកូនប្រុសទៅមន្ទីរពេទ្យតែម្តង។
យ៉ាងណាមិញ ខណៈដែលគ្រូពេទ្យដាក់បំពង់ជំនួយដង្ហើមឱ្យក្មេងប្រុស ស្រាប់តែឃើញមានប៉ោងៗជាប់នៅក្នុងបំពង់ក ទើបបានយកប៉ោងៗនោះចេញមក ហើយក៏បានព្យាយាមសង្រ្គោះក្មេងបន្ត រហូតដល់ក្មេងត្រឡប់មកដកដង្ហើមជាធម្មតាវិញ។ ស្រ្តីជាម្តាយបានបន្ថែមថា ប្រហែលជាកូនរបស់នាងខាំប៉ោងៗជាប់នឹងមាត់បណ្តើរ ហើយរត់លេងបណ្តើរ ទើបធ្វើឱ្យរបូតចូលទៅក្នុងមាត់ រហូតមានការស្លាក់បែបនេះ៕
ប្រភព៖ Kapook