កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីដ៏មិននឹកស្មានមួយបានកើតឡើងនៅប្រទេសថៃ ដែលមានបុរសម្នាក់ បានចងឆ្កែជាមួយនឹងម៉ូតូ ហើយជិះអូសគ្នាត្រឡប់ត្រឡិនជាង ៥០០ ម៉ែត្រ រហូតដល់មានអ្នកចូលទៅជួយ។

ហេតុការណ៍មួយនេះបានកើតឡើងនៅ ស្រុក Pak Chong ខេត្ត Nakhon Ratchasima ដោយគេបានប្រទះឃើញបុរសម្នាក់ បានចងឆ្កែមួយក្បាលភ្ជាប់ជាមួយនឹងម៉ូតូ ហើយក៏បានជិះអូសឆ្កែនោះពេញផ្លូវ បណ្តាលឱ្យអ្នកឃើញទាំងប៉ុន្មានមានការស្លុតចិត្តចំពោះទង្វើនេះជាខ្លាំង។ យ៉ាងណាមិញ មានឡានមួយគ្រឿងបានជិះតាមមកកាក់ម៉ូតូបុរសរូបនេះ រួចក៏បានចុះសួរនាំហេតុផល តែបុរសនេះមើលទៅហាក់ដូចជាមនុស្សមិនមានសតិប្រក្រតីឡើយ និយាយមិនដឹងរឿងសោះ។

ដោយឡែក ឆ្កែមួយក្បាលនោះ ក៏ត្រូវបានម្ចាស់ឡានយកទៅព្យាបាល ដោយខ្លួនរបស់វាពេញដោយស្នាមរបួស ហូរឈាមរហាច ព្រមទាំងមើលទៅក៏មានស្នាមរបួសចាស់ៗទៀត ដែលគេសង្ស័យថាម្ចាស់បានអូសវាជាច្រើនដងមកហើយ។ យ៉ាងណាមិញ ខាងមូលនិធិសង្រ្គោះសត្វ Watchdog Thailand Foundation – WDT ក៏បានរៀបចំដាក់ពាក្យបណ្តឹងទៅលើបុរសជាម្ចាស់ឆ្កែ ក្នុងករណីធ្វើទារុណកម្មសត្វផងដែរ៕



ប្រភព៖ AMARINTV