នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦៨ ២៤៦ នាក់។

ក្នុងនោះរួមមាន ទេសចរជាតិ និង បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣៥៨ ៦០០ នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៩ ៦៤៦ នាក់។

ជាមួយគ្នានេះដែរ ដើម្បីបង្កឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរបានជួបជុំគ្នាសប្បាយរីករាយ និង ជួយលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំឱ្យមានកម្មវិធីជាច្រើន នាឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និង តាមបណ្តោយដងស្ទឹងសៀមរាប។ ដោយឡែក សម្រាប់កម្មវិធីជិះទូកកម្សាន្ត កម្មវិធីផ្សារទឹក នៅដងស្ទឹងសៀមរាប នឹងបន្តរហូតដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ៕
