មួយទសវត្សរ៍ក្រោយនេះ ធនធានកម្ពុជាវ័យក្មេងជាច្រើនបានបើកទំព័រអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និង ឥទ្ធិពល។ អាជីវកម្មពួកគេសុទ្ធតែមានភាពលេចធ្លោ ដេញទាន់សម័យកាល បានកំពុងទាក់ទាញអតិថិជនទាំងជាតិ និង អន្តរជាតិ។ ចំណោមស្ថាបនិកវ័យក្មេង យើងសូមបង្ហាញស្ថាបនិក ៥ រូប ដែលពួកគេបានបង្កើតអាជីវកម្មលេចធ្លោ ខណៈដែលពួកគេមានវ័យមិនដល់ ៣០ ឆ្នាំផងនោះ។

១. លោក ស៊ីវ រិទ្ធី ស្ថាបនិក Plus855 Music
មានវ័យ ២៨ ឆ្នាំ លោក ស៊ីវ រិទ្ធី ជាស្ថាបនិក និង ជានាយកប្រតិបត្តិ (CEO) នៃផលិតកម្មចម្រៀង Plus855។ ដើរលើវិស័យនេះ លោកជាបុគ្គលមួយរូប ដែលប្តេជ្ញាកសាងភាពត្រឹមត្រូវ និង មូលដ្ឋានគ្រឹះអាជីពសម្រាប់សិល្បករកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរឧស្សាហកម្មតន្ត្រីក្នុងស្រុក។ លោកបានចាប់ផ្តើមអាជីពជាឌីជេ និង ផលិតករតន្ត្រី ហើយក៏ជាសហស្ថាបនិក បង្កើតក្រុមចម្រៀងរ៉េបដ៏ពេញនិយម La Cima Cartel ផងដែរ។ បច្ចុប្បន្ន ជាមួយផលិតកម្ម Plus855 ដែលដឹកនាំសិល្បករ ១០ នាក់ លោកប្តេជ្ញាបង្ហាញនូវអ្វីដែលជាវប្បធម៌ លើកកម្ពស់ស្តង់ដាឧស្សាហកម្ម និង ពង្រីកតន្ត្រីកម្ពុជាទៅកាន់ពិភពលោក។


២. លោក តេង ស៊ាវប៉ោ ស្ថាបនិក Blvnc Attire
ក្នុងវ័យ ២៦ ឆ្នាំ លោក តេង ស៊ាវប៉ោ ជាស្ថាបនិក និង នាយកប្រតិបត្តិ នៃម៉ាកសម្លៀកបំពាក់បុរស Blvnc Attire។ អាជីវកម្មនេះ លោកបានផ្តោតលើផលិតផលគុណភាពខ្ពស់ និង ចង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព។ ជាវិស្វករផ្នែក Software ផងនោះ លោកបានច្របាច់បញ្ចូលគ្នានូវជំនាញបច្ចេកទេសរបស់លោក ជាមួយចក្ខុវិស័យច្នៃប្រឌិត ដើម្បីប្រាកដការរីកចម្រើនទាំងម៉ាកយីហោ ក៏ដូចជាតម្លៃរបស់អតិថិជនរបស់លោក។


៣. លោក ដាវីត អ៊ឹងហាង ស្ថាបនិក Wave Management
ជាតារាសម្តែង និង ចម្រៀងកំពុងមានទីផ្សារទាំងក្នុង និង ក្រៅប្រទេស ដាវីត អ៊ឹងហាង បានបើកជំនួញផ្ទាល់ខ្លួនមួយគឺ Wave Management ដែលជាភ្នាក់ងារប្រមូលផ្តុំទៅដោយបុគ្គលមានទេពកោសល្យវ័យក្មេង។ អ៊ឹងហាងបានបញ្ចប់ការសិក្សាផ្នែក អាជីវកម្មជាមួយសហគ្រាសសង្គម (Business with Social Enterprise) នៅសាកលវិទ្យាល័យ Republic Polytechnic នៅប្រទេសសិង្ហបុរី។ វ័យទើបតែ ២៣ ឆ្នាំ លោកមានបទពិសោធដឹកនាំរឿងកំហឹងធ្មប់, ធ្លាប់តំណាងឱ្យកម្ពុជា និង សិង្ហបុរី ចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ Fashion Week និង ដឹកនាំគម្រោងច្នៃប្រឌិតជោគជ័យជាច្រើន។


៤. លោក Panhaboth Kun ស្ថាបនិក AVA Hospitality
មានវ័យ ២៥ ឆ្នាំ លោក Panhaboth Kun បានបញ្ចប់ការសិក្សាផ្នែក ទស្សនវិជ្ជា នយោបាយ និង សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ The London School of Economics and Political Science នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ បច្ចុប្បន្ន លោកជាស្ថាបនិក និង ជាវិស្វករ Principal Software Engineer នៃ AVA Hospitality ជាក្រុមហ៊ុនផ្នែក Software ជំនាញក្នុងការផលិតប្រព័ន្ធឌីជីថលសម្រាប់សណ្ឋាគារ រមណីយដ្ឋាន និង លំនៅឋានផ្សេងៗ។

៥. លោក SAMBATH BOTH BOU CHUM ស្ថាបនិក Anagata
ត្រូវបានគេស្គាល់ឈ្មោះថា BOTH BOU មានវ័យ ២៧ ឆ្នាំ លោកគឺជាអ្នកមានចក្ខុវិស័យច្នៃប្រឌិតចេះដោយខ្លួនឯង ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិនៃ Anagata ដែលជាក្រុមហ៊ុនរចនាឯកទេសខាង យុទ្ធសាស្ត្រ អត្តសញ្ញាណម៉ាកយីហោ និង រចនាពុម្ពអក្សរ។ ជាមួយបទពិសោធជិតមួយទ.វ លោកបានផ្លាស់ប្តូរការរចនាសោភ័ណភាពប្រទេសកម្ពុជា ដោយរៀបចំផ្សំធាតុវប្បធម៌ខ្មែរ ជាមួយគោលការណ៍រចនាសកល។ លោកបានដឹងនាំគម្រោងច្រើនរាប់មិនអស់ ជាពិសេស ការងាររបស់លោកមានសារសំខាន់ក្នុងការលើកកម្ពស់សហគមន៍រចនាក្នុងស្រុក។ តាមរយៈការណែនាំ សិក្ខាសាលា និង តំណាងទៅកាន់សកល លោកបានកំពុងបន្តជំរុញព្រំដែន និង រៀបចំអនាគតនៃភាពច្នៃប្រឌិតរបស់កម្ពុជា៕


ប្រភព៖ PS