មានវ័យទើបតែ ២៧ ឆ្នាំ លោក David Karona ជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអចលនទ្រព្យ Private Warehouse Cambodia និង ជានាយកប្រតិបត្តិ (COO) នៃផ្សារទំនើបសហគមន៍ The Commons Community Mall ស្ថិតនៅតំបន់ទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តីអន្តរជាតិ Prestige។
បន្ទាប់ពីការសាងសង់អស់រយៈពេលមួយឆ្នាំ ផ្សារទំនើបសហគមន៍ ដែលស្ថិតនៅលើផ្លូវ 592 និង 335 ត្រូវបានបើកដំណើរការ ដែលថ្មីៗនេះ ហាងមួយចំនួនដូចជា ហាងទំនិញ Korean Emart, ហាងកាហ្វេ café Cleu Nuit, គម្រោងស្កាយបារ, ផ្សារចុងសប្តាហ៍ និង ហាងកាហ្វេជាច្រើនទៀត។
នាយកប្រតិបត្តិរូបនេះនិយាយថា លោកតែងចូលចិត្តការសាងសង់ ពីតូចជាក្មេងម្នាក់ចូលចិត្តហ្គេម Minecraft វាបានធ្វើឱ្យលោកមានមហិច្ឆតាសម្រាប់ការបង្កើតទីតាំង។ អ្វីដែលសំខាន់ក្នុងការរចនាគឺ សម្ភារ រចនាសម្ព័ន្ធ និង វិស្វកម្ម។ ការរៀបចំផ្សារទំនើបសហគមន៍នេះ លោក និង ក្រុមការងារ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស្វករ និង ប្រើប្រាស់ដែកមានគុណភាពខ្ពស់ នាំចូលពីប្រទេសកូរ៉េ។
ចំពោះក្រុមហ៊ុន Private Warehouse Cambodia វិញ ដែលកំពុងគ្រប់គ្រងឃ្លាំងជួលមួយចំនួនក្នុងទីក្រុងភ្នំពេញ រួមបញ្ចូលឃ្លាំងចំនួន ៧ នៅទួលគោក លោកបានសាងសង់ដោយប្រើដែកគុណភាពខ្ពស់ប្រភេទ ISI steel និង បន្ទះស័ង្កសី S5 zinc ដែលផ្តល់នូវភាពល្អរឹងមាំ អាចទាក់ទាញអ្នកជួលយ៉ាងឆាប់រហ័ស។
ទាក់ទិននឹងចំណេះធ្វើជំនួញ លោក David បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកធុរកិច្ចនៅ Granage ចក្រភពអង់គ្លេស។ ជាមួយការគាំទ្រពីគ្រួសារ និង ថវិកាមួយចំនួន លោកបានប្រែក្លាយទីតាំងដីដែលមិនប្រើប្រាស់ ទៅជាការរចនាឡើងយ៉ាងល្អ អាចប្រើប្រាស់បានច្រើនយ៉ាង និង ទទួលបានកេរ្តិ៍ឈ្មោះ ដូចដែលយើងឃើញជាក់ស្តែង៕