ជារឿងដ៏មានមោទកភាពយ៉ាងខ្លាំង សម្រាប់វិស័យតន្ត្រី និង សិល្បករ សិល្បការិនីរបស់ប្រទេសកម្ពុជា ដោយនៅខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ តារាចម្រៀងប្រុសស្រីជាច្រើននឹងបង្ហាញវត្តមានលើឆាកតន្ត្រីអន្តរជាតិ Sabaidee Fest នៅឯសហរដ្ឋអាមេរិក។

ក្នុងនោះដែរ តារាចម្រៀងកម្ពុជា ដែលនឹងទៅចូលរួមការសម្តែងលើឆាកតន្ត្រីអន្តរជាតិ Sabaidee Fest រួមមានតារាចម្រៀងប្រចាំផលិតកម្មបារមី លោក វណ្ណដា, លោក វណ្ណថាន, លោក នរិទ្ធ, លោក យូហៃ និង កញ្ញា រ៉េត ស៊ូហ្សាណា។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចូលរួមពីតារាចម្រៀងប្រចាំផលិតកម្ម KlabYahandz លោក វុទ្ធា ផងដែរ។

បើនិយាយពីលោក វុទ្ធា ឯណោះវិញ ក្រោយពី Poster ផ្លូវការនៃការទៅចូលរួមសម្តែងរបស់លោកហើយនោះ ក៏មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិរីករាយ និង ខ្លះក៏បានបង្ហាញអារម្មណ៍សោកស្តាយ ដោយការសម្តែងលើកនេះ គ្មានវត្តមានរបស់លោក RuthKo ដែលជាដៃគូរបស់លោក។

ក្នុងនោះដែរ ក្រោយឃើញការបញ្ចេញមតិបែបនេះ លោក វុទ្ធា ក៏បានចូលទៅឆ្លើយតបអ្នកគាំទ្រថា៖ «អរគុណដល់បងប្អូនយើងនៅទីនោះ ដែលគាំទ្រខ្ញុំ ខ្ញុំពិតជាមានក្ដីរំភើបណាស់ ហើយវាពិតជាគួរឱ្យស្ដាយដែរ ដែលប្អូន Ruth Ko មិនអាចទៅជាមួយគ្នា។ ទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថាបងប្អូនយើងរីករាយជាមួយខ្ញុំ។ ជួបគ្នាឆាប់ៗ អរគុណដល់ Sabaidee Fest ផងដែរ»៕






