កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ មានការរាយកាណ៍ពីករណីអគ្គិភ័យទៅលើផ្ទះមួយខ្នង ដែលម្ចាស់កំពុងតែរើអីវ៉ាន់គេចពីទឹកជំនន់ ស្រាប់តែសុខៗភ្លើងឆេះផ្ទះខ្ទេច។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងទៅលើផ្ទះមួយខ្នងជាផ្ទះ ២ ជាន់ ឈើលើថ្មក្រោម ស្ថិតនៅក្នុងខេត្តពិស្ណុលោក ដែលកំពុងជន់លិចដោយទឹកជំនន់។ ក្នុងនោះ ម្ចាស់កំពុងតែរើអីវ៉ាន់ពីក្រោមផ្ទះ យកទៅដាក់លើផ្ទះ ដើម្បីគេចពីទឹកជំនន់ ស្រាប់តែភ្លើងក៏បានឆាបឆេះជាន់ខាងលើនោះយ៉ាងរហ័ស ធ្វើឱ្យម្ចាស់មិនអាចចូលទៅពន្លត់បានឡើយ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា មូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយមានមហាជនជាច្រើនបានសម្តែងក្តីសោកស្តាយចំពោះម្ចាស់ផ្ទះ ព្រោះគ្រោះចូលផ្ទួនៗ គឺត្រូវរងគ្រោះដោយទឹកជំនន់ផង ហើយឥឡូវមកត្រូវឆេះផ្ទះអស់ទៀត៕
ប្រភព៖ Khaosod