អ្នកតាមដានពីទំនាក់ទំនងរវាងតារាចម្រៀងស្រី រ៉ាប៊ី និង កីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor បានឃើញហើយថាពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរកាន់តែបង្ហាញសកម្មភាពផ្អែមល្ហែមលើបណ្ដាញសង្គមខ្លាំងឡើង ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស។
ក្នុងនោះ ពាក់ព័ន្ធពីរឿងបើកចំហទំនាក់ទំនងស្នេហារវាងកញ្ញា រ៉ាប៊ី និង កីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor ឯណោះវិញ ទើបតែបង្ហើបប្រមាណជាងកន្លះឆ្នាំចុងក្រោយនោះទេ ថាអ្នកទាំង ២ ពិតជាគូស្នេហ៍នឹងគ្នាមែន។
បើទោះជាទើបបង្ហាញពីទំនាក់ទំនងយ៉ាងបើកចំហក្ដី ការពិត កញ្ញា រ៉ាប៊ី បានបញ្ជាក់ឱ្យដឹងថា នាង និង លោក Nick Taylor មានទំនាក់ទំនងនឹងគ្នាប្រមាណជិត ២ ឆ្នាំ មកហើយ ដោយគិតចាប់តាំងពីចេញបទចម្រៀង «រាំញ័រ» មកម្ល៉េះ។
ងាកទៅកាន់រឿងរៀបការវិញ កន្លងមក កញ្ញា រ៉ាប៊ី ក៏ធ្លាប់បានបង្ហើបឱ្យដឹងដែរថា អ្នកទាំង ២ ពុំទាន់បានគិតគូរនោះទេ ក៏ព្រោះតែម្នាក់ៗបានដាក់គោលដៅរយៈពេល ២ ឆ្នាំ ទៅមុខទៀត ដើម្បីមើលចិត្តគ្នា ព្រោះកញ្ញា រ៉ាប៊ី មិនមែនលេងសើចទេ ដូច្នេះទាក់ទងគ្នាមើលគ្នាឱ្យច្បាស់ បើសិនមិនពេញចិត្តចរិតគ្នាបែកគ្នាចុះ តែខាងប្រុសសុំ ៣ ឆ្នាំ ល្អជាង។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងថ្ងៃជំនួបអ្នកគាំទ្រដំបូងរបស់កញ្ញា រ៉ាប៊ី បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិជាច្រើនមានការភ្ញាក់ផ្អើល ព្រមទាំងរំភើបចិត្តយ៉ាងខ្លាំង ដោយខាងប្រុស ពោលគឺលោក Nick Taylor បានលុតជង្គង់លើឆាក សុំកញ្ញា រ៉ាប៊ី រៀបការនៅមុខមនុស្សរាប់រយនាក់ក្នុង Hall។ ក្នុងនោះដែរ គូស្នេហ៍មួយគូនេះ គឺមិនធ្វើឱ្យអ្នកគាំទ្ររង់ចាំយូរឡើយ គឺក្រោយពីខាងប្រុសលុតជង្គង់សុំរៀបការភ្លាម ខាងស្រីបានឆ្លើយ Yes ភ្លែត។
ម្យ៉ាងវិញទៀត បើតាមឱ្យដំរួយខ្លះៗបានឱ្យដឹងថា កញ្ញា រ៉ាប៊ី និង លោក Nick Taylor នឹងមានគម្រោងរៀបការអំឡុងខែ ឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖