ជាការពិតណាស់ អ្នកគាំទ្រនិយមតាមដានសកម្មភាពរបស់តារាចម្រៀងរ៉េប វណ្ណដា នៅលើបណ្តាញសង្គមនានា ច្បាស់ជាបានជ្រាបហើយថា កាលពីមួយរយៈពេលមុន លោកហាក់មមាញឹកខ្លាំងក្នុងការងារ ដើម្បីបញ្ចប់ Album ចម្រៀងទី ៣ «ត្រីវិស័យ» និង ការប្រគំតន្ត្រីទោលដ៏ធំរបស់លោក។

យ៉ាងណាមិញ ក្រោយពីការផលិត Album ចម្រៀងទី ៣ រួចរាល់ និង កម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យ «ត្រីវិស័យ មាស» នៅទីរួមខេត្តបាត់ដំបង និង «ត្រីវិស័យសុវណ្ណភូមិ» នៅក្នុងទីក្រុងភ្នំពេញបានបញ្ចប់យ៉ាងជោគជ័យនោះ អ្នកគាំទ្របានសង្កេតឃើញថា លោក វណ្ណដា ចាប់ផ្តើមមានសកម្មភាពញឹកញាប់ខ្លាំងលើបណ្តាញសង្គមរបស់លោក មិនថាហ្វេសប៊ុក, Instagram, Thread និង Tik Tok ជាដើម។

ជាក់ស្តែង កាលពីបញ្ចប់ការប្រគំតន្ត្រី «ត្រីវិស័យសុវណ្ណភូមិ» ភ្លាមៗ គេបានឃើញលោក វណ្ណដា បានបង្ហោះ status និង ចែករំលែក Post ជាបន្តបន្ទាប់នៅលើហ្វេសប៊ុករបស់លោក និង បានឆ្លើយឆ្លងខមមិនលេងជាមួយហ្វេនជាហូរហែ រហូតដល់ហ្វេនចម្លែកចិត្ត ព្រមទាំងចំអន់ថា បាន Day Off លេងនោះលេង។ ម្យ៉ាងវិញទៀត មកទល់ពេលនេះ លោក វណ្ណដា ក៏នៅតែបង្ហោះសារ និង ឆ្លើយឆ្លងជាមួយអ្នកគាំទ្រជាបន្តបន្ទាប់។

ដោយឡែក កាលពីយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ លោក វណ្ណដា កាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀត ខណៈលោកបាននាំប៉ាម៉ាក់មកលេង Tik Tok ជាមួយគ្នា ដែលពិតជាខុសប្លែកជាងសព្វមួយដង ព្រោះកន្លងមក លោកមិនសូវបង្ហាញពីជីវិតឯកជនរបស់ប៉ាម៉ាក់លើបណ្តាញសង្គមឡើយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖




