ជារឿងដ៏ឈឺចាប់បំផុតជាថ្មីរបស់កម្ពុជា កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះវីដេអូជាមួយសារឱ្យបានដឹងថា ទាហានថៃបានប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋមួយចំនួនរងរបួសនៅភូមិព្រៃចាន់។

ក្នុងនោះ តាមរយៈការឱ្យដឹងចុងក្រោយពី ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃដដែល បានបញ្ជាក់បន្ថែមទៀតថា ថៃបានបើកការបាញ់ប្រហារពីរលើកមកលើពលរដ្ឋកម្ពុជាស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺនៅម៉ោងប្រមាណ ៤ ល្ងាច និង ម៉ោង ៥ និង ៥៤ នាទីល្ងាច ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយបង្កឱ្យពលរដ្ឋខ្មែរបាត់បង់ជីវិតម្នាក់ និង របួស ៣ នាក់។

ក្នុងនោះដែរ ជនស៊ីវិល ដែលរងរបួសចំនួន ៣ រូប ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការសង្គ្រោះ ដើម្បីធ្វើការវះកាត់ទទួលបានជោគជ័យទាំងអស់ ដោយមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំពីគ្រូពេទ្យពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និង នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។

តាមរយៈការជូនដំណឹងលម្អិតពី ឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានឱ្យដឹងថា ជនស៊ីវិលរងរបួសចំនួន ៣ រូប បានវះកាត់ដោយជោគជ័យ ដោយ ២ រូប រងរបួសមិនប៉ះពាល់ដល់ចំណុចសំខាន់ណាមួយឡើយ ខណៈ ១ រូប ទៀត ធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងបាញ់ចំពោះធ្លុះទៅក្រោយ និង ប៉ះពាល់ចំណុចសំខាន់មួយចំនួន។ តែយ៉ាងណាក៏ដោយ ឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន បានបញ្ជាក់ថា ការជួយសង្គ្រោះ គឺជោគជ័យ និង បន្តតាមដានអ្នកជំងឺទៀត៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖




ប្រពភព៖ ទូរទស្សន៍ជាតិកម្ពុជា