ប៉ុន្មានថ្ងៃមកនេះ ប្រធានបទនៃការវែកញែកពីរឿងរ៉ាវរបស់តារាចម្រៀង យក់ ថិតរដ្ឋា បន្ទាប់ពីបានឡើងកម្មវិធី 3 Fun រៀបរាប់ពីសិស្សប្អូនម្នាក់ ដែលមិនគោរព និង ប្រើសម្តីធ្ងន់ដាក់នាង និង ស្វាមីនោះ នៅតែបន្តនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ដោយឡែក ក្រោយផ្ទុះការវែកញែកកាន់តែខ្លាំងឡើង លោក ឃុំ ប៉ុណ្ណាដែត ស្វាមីរបស់អ្នកនាង យក់ ថិតរដ្ឋា ក៏បានចេញមកបញ្ជាក់ពីដើមទង និង មូលហេតុសំខាន់ៗ ៣ ចំណុច ដែលធ្វើឱ្យភរិយាបានបង្ហោះសារ រហូតកម្មវិធី 3 Fun បានអញ្ជើញអ្នកនាងទៅចូលរួម។
លោក ឃុំ ប៉ុណ្ណាដែត ក៏បានបញ្ជាក់ថា លោកផ្ទាល់ គឺជាអ្នកជជែកជាមួយសិស្សប្អូនរូបនោះ អំឡុងពេល ដែលសិស្សប្អូនទាក់ទងមកភរិយារបស់លោក ឱ្យចូលរួមជា Special Guest បន្ទាប់ពីបានឡើងឆាករួមគ្នាម្តងរួចមកហើយ ប៉ុន្តែត្រូវបានបដិសេធ ក៏ព្រោះតែជាប់រវល់។ លើសពីនោះ លោក ឃុំ ប៉ុណ្ណាដែត បន្ថែមថា ក្រោយភរិយាបដិសេធការចូលរួម និង បន្តសន្ទនាតាមរយៈឆាតហើយនោះ សិស្សប្អូនរូបនោះប្រើពាក្យថា៖ «ប្រពន្ធបងកុំនិយាយតម្លៃជាមួយខ្ញុំ តម្លៃប្រពន្ធបងមិនស្មើតម្លៃពាក់កណ្តាលរបស់ខ្ញុំផង»។
តាមរយៈវីដេអូនោះ លោក ឃុំ ប៉ុណ្ណាដែត បានឱ្យដឹងទៀតថា មូលហេតុ ដែលអ្នកនាង យក់ ថិតរដ្ឋា បានឡើងទៅកម្មវិធី 3 Fun ព្រោះត្រូវបានអ្នកដឹកនាំបានអញ្ជើញទៅ និង បានលើកយកពី Status របស់អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះឡើងនិយាយពីសិស្សប្អូននោះ ហើយក៏បានវែកញែកទៅ។ ក្នុងចំណុចនេះ លោក ឃុំ ប៉ុណ្ណាដែត បានបន្ថែមថា គឺមិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់សិស្សប្អូនរូបណាទេ ហើយការដែលភរិយារបស់លោកបានរ៉ាយរ៉ាប់ គឺក្នុងគោលបំណងចង់ឱ្យសិស្សប្អូនជំនាន់ក្រោយ ដឹងខុសត្រូវស្គាល់ចាស់ទុំប៉ុណ្ណោះ ពោលគឺមិនចាំបាច់លើកដៃសំពះក៏បាន ត្រឹមបង្ហាញស្នាមញញឹមទៅគ្រប់គ្រាន់ហើយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូលម្អិត៖