នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងនោះមានទាំង ស្ត្រីមានផ្ទៃពោះ ក្មេងៗ និង ចាស់ជរាផងនោះ ត្រូវរត់គេចចេញពីផ្ទះសម្បែងដ៏កក់ក្តៅរបស់ខ្លួន ទៅរកទីទួលសុវត្ថិភាព គេចចេញពីគ្រាប់ផ្លោងរបស់ថៃ។
តាមរយៈការឈ្លានពាន និង បង្កហេតុបាញ់ប្រហារមកលើកម្ពុជាមុន ពីសំណាក់យោធាថៃ នេះ ពិតជាបានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ ផ្ទាល់តែម្ដង។ ក្នុងនោះ ក៏មានប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ដែលចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ទាហានឈ្លានពានរបស់ថៃ បានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចូលទឹកដីកម្ពុជា ដែលទាហានថៃបាញ់ផ្លោងគ្រាប់មកដល់ចូលភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅឃុំគោកមន ស្រុកបន្ទាយអំពិល និង តំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកនេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជូនដំណឹងឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងច្បាស់ៗថា កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ទើបកងទ័ពកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ