មហាជននិយមតាមដាន ពីដំណើរសិល្បៈរបស់លោក Rainnie Dara ច្បាស់ជាបានជ្រាបហើយថា ទម្រាំតែលោកត្រូវបានគេស្គាល់ថា ជាអ្នកផលិតមាតិកាមានប្រជាប្រិយភាពមួយរូបនោះ គឺលោកបានចាប់ផ្តើមការងារមួយនេះដំបូង តាមរយៈការផលិតវីដេអូបែបហ្វេសហ្សិន បច្ចេកទេសថតរូបតាមទូរស័ព្ទ ណែនាំពីកន្លែងថតរូបស្អាតៗ ជាពិសេសនោះ គឺការបង្ហាញពីអាហារឆ្ងាញ់ៗតាមតំបន់នានា។ កាលនោះ គេចាំបានថា ជំហានដំបូងនៃការចាប់ផ្តើមប្រឡូកវិស័យនេះ លោក Rainnie Dara បានចូលរួមប្រកួតកម្មវិធី Cambodian Net Idol រដូវកាលទី១ និង ទទួលបានចំណាត់ថ្នាក់លេខ ៣។
យ៉ាងណាមិញ ដោយការខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផល លោក Rainnie Dara ក៏មានឱកាសក្លាយទៅជាអ្នកផលិតមាតិកាមានប្រជាប្រិយភាពមួយរូប ក្នុងចំណោមអ្នកផលិតមាតិកាក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ លោកចាប់ផ្តើមទទួលបានទីផ្សារការងារជាច្រើន។ ម្យ៉ាងវិញទៀត លោកក៏មានឱកាសតំណាងឱ្យកម្ពុជា ចូលរួមកម្មវិធីលើឆាកអន្តរជាតិមួយចំនួនដែរ។
ជាក់ស្តែង ថ្មីៗនេះ លោក Rannie Dara បានធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្ត និង ចូលរួមការអបអរសាទរដល់លោកយ៉ាងខ្លាំង ដោយអ្នកផលិតមាតិកាកម្ពុជារូបនេះ ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងកម្មវិធី All Star Influencer Award 2025 នៅប្រទេសម៉ាឡេស៊ី។
កម្មវិធីខាងលើនេះដែរ លោក Rannie Dara បានឱ្យដឹងថា គឺមានអ្នកផលិតមាតិកាប្រមាណ ១២០ នាក់ ដែលមកពីបណ្តាប្រទេសប្រមាណជា ១៩ ប្រទេស ដោយក្នុងនោះ កម្ពុជា គឺមានតែរូបលោកម្នាក់ប៉ុណ្ណោះ៕