ជាការពិតណាស់ កន្លងមកមហាជននិយមតាមដានទាក់ទងនឹងបញ្ហាសុខភាពរបស់ Youtuber និង ជាអ្នកផលិតមាតិកាល្បីឈ្មោះ Bro Kh ច្បាស់ជាបានជ្រាបមកហើយ ពីស្ថានភាពសុខភាពរបស់លោក ដែលមានជំងឺច្រើនមុខនៅក្នុងខ្លួន។

កាលនោះ គេចាំបានថា Bro KH បានសំងំព្យាបាលជំងឺរបស់ខ្លួនម្តងរួចមកហើយ និង បានធូរស្រាលខ្លះ ប៉ុន្តែក៏មានការរើឡើងជាថ្មីម្តងទៀតកាលពីអំឡុងខែឧសភា ឆ្នាំ ២០២៥ ថាបន្ទាប់ពីវះកាត់រួច ជើងរបស់ Bro Kh បានធូរស្បើយជាងមុនហើយ ប៉ុន្តែពេលនេះ ដោយសារតែលោកមានបញ្ហាខ្សោយបេះដូងធ្វើឱ្យទឹកចូលសួត ដែលកំពុងត្រូវការសង្គ្រោះជាបន្ទាន់ និង ត្រូវការចំណាយលើការព្យាបាលច្រើនផងដែរ។

យ៉ាងណាមិញ ក្រោយសំងំព្យាបាលខ្លួនជាថ្មីម្តងទៀតហើយនោះ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ Bro KH បានចេញមកបង្ហោះវីដេអូ បង្ហាញពីទឹកមុខស្រស់ស្រាយជាងមុន បើទោះជាគីឡូមិនទាន់ស្រកក៏ពិតមែន ប៉ុន្តែ Bro Kh បានលើកឡើងថា ពេលនេះសុខភាពរបស់លោកគ្រាន់បើជាងមុន អាចទៅហាត់ប្រាណវិញបានធម្មតា។ លើសពីនោះ Bro KH ក៏បានឱ្យដឹងថា លោកបានទៅព្យាបាលនៅប្រទេសវៀតណាម អំឡុងពេលកម្ពុជាកំពុងមានបញ្ហាព្រំដែននឹងប្រទេសថៃ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រ Bro KH រំភើបចិត្តនោះ លោកបានបញ្ជាក់ក្នុងវីដេអូថា ពេលនេះ លោកនឹងវិលត្រឡប់មកបង្កើតមាតិកាជាថ្មីម្តងទៀត បើទោះជាមិនចេញក្រៅថតដូចមុនក៏ពិតមែន ប៉ុន្តែលោកនឹងផលិតវីដេអូ ចែកជូនអ្នកគាំទ្រ និង ដើម្បីរកចំណូលផងដែរ។ លើសពីនោះ Bro KH ក៏បានលក់អនឡាញតិចតួចដូចគ្នាដែរ ដើម្បីជាទុនសម្រាប់ជីវភាព បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំមកនេះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

