ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងចាប់អារម្មណ៍នឹងវីដេអូចាស់មួយ ដែលត្រូវបានចែករំលែកជាថ្មី ពីវីរភាពដ៏អង់អាចក្លាហានរបស់ទាហានកម្ពុជា ដែលលោកឈរពាំងការពារទឹកដីប្រឆាំងការទន្ទ្រានពីភាគីថៃ មិនញញើតសូម្បីបន្តិចនោះ យ៉ាងរំជួលចិត្ត។

ក្នុងនោះដែរ គេបានដឹងថាវីដេអូនេះមានរយៈកាលកន្លងទៅច្រើនថ្ងៃខែហើយក្ដី (អាចក្នុងកំឡុងខែកក្កដា) តែបានឆ្លុះបញ្ចាំងពីសេចក្ដីអង់អាចក្លាហានរបស់ទាហានកម្ពុជា ក្នុងការការពារដែនអធិបតេយ្យជាតិ មិនញញើតគ្រាប់កាំភ្លើងសត្រូវនោះឡើយ ដែលជាក់ស្ដែង យើងឃើញមានទាហានកម្ពុជាជើងចាស់មួយរូប ឈរពាំងការពារទឹកដីយ៉ាងក្លាហាន មិនឱ្យទាហានថៃចូលមកទឹកដីខ្មែរ ដោយដៃស្តាំរបស់លោកកាន់កាំភ្លើង ដៃឆ្វេងក្តាប់គ្រាប់បែកយ៉ាងណែន ហើយស្រែកប្រឆាំងដាក់ទាហានថៃថា ៖ «អត់ទេ អញគ្មានទៅខ្លាចទេហា៎ មានរឿងអី និយាយគ្នា…»។

តាមរយៈវីដេអូដ៏រំជួលចិត្តនេះ បានធ្វើឱ្យប្រជាជនកម្ពុជាដែលបានទស្សនា រំជួលចិត្តស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន សូម្បីតែតារាចម្រៀង សុខ ពិសី ក៏បានបង្ហាញអារម្មណ៍រំជួលចិត្តស្រក់ទឹកភ្នែកមិនដឹងខ្លួន ក្រោយទស្សនាវីដេអូនេះ។ ក្នុងនោះ កញ្ញា សុខ ពិសី បានរៀបរាប់ថា៖ «ឃើញវីដេអូ Hero យើងឈរការពារទឹកដីដៃកាន់គ្រាប់ ដោយមិនខ្លាចកាំភ្លើងពួកចោរភ្ជង់ ទឹកភ្នែកហូរមិនដឹងខ្លួន»៕





