ក្រោយពីរង់ចាំអស់ពេលជាយូរ Album ចម្រៀងទី ៣ របស់លោក វណ្ណដា ដែលមានឈ្មោះថា «TREYVISAI» ឬ «ត្រីវិស័យ» បាន និង កំពុងបញ្ចេញបណ្តើរៗហើយ ដោយ Album ទី ៣ នេះ បានបែកចែកផ្នែកសំខាន់ ៣ ផ្សេងៗគ្នា។
ក្នុងនោះ Album «TREYVISAI» របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា នឹងចែកចេញជា ៣ ផ្នែកសំខាន់ៗ ដោយផ្នែកទី ១ «TREYVISAI I: The Search For Light» ដែលបានចេញរួចរាល់ហើយ កាលពីថ្ងៃទទី ១៤ ខែមីនា ឆ្នាំ ២០២៥ ដោយមានចម្រៀងចំនួន ៨ បទ។ រីឯ «TREYVISAI II: Burn Like The Sun» ក៏បានបញ្ចេញរួចរាល់ដូចគ្នាដែរ កាលពីថ្ងៃ ទី ២១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ ចំណែកផ្នែកចុងក្រោយ គឺ «TREYVISAI III» នឹងបង្ហាញនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។
ងាកទៅកាន់ «TREYVISAI II: Burn Like The Sun» ដែលទើបនឹងចេញថ្មីៗ មានចម្រៀងដល់ទៅ ៦ បទ ដោយក្នុងនោះមានចម្រៀងមួយបទ វណ្ណដា បានបកស្រាយរួមគ្នានឹងតារាចម្រៀងរ៉េបប្រទេសឡាវ កញ្ញា Thinlamphone គឺបទ «Love Sick Blue» និង បទ «Zerd Zerd» បកស្រាយរួមគ្នានឹងលោក នរិទ្ធ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងចំណោមចម្រៀងទាំង ៦ បទ នៃ «TREYVISAI II» លោក វណ្ណដា បានលើកយកបទចម្រៀងកាលពី ៨ ឆ្នាំ មុន គឺបទ «ចម្រៀងជូន Ex» មកផលិតជា Version 3 រហូតធ្វើឱ្យអ្នកគាំទ្រខ្លះ លើកឡើងថា លោកចង់ផ្ញើជូនទៅនរណាម្នាក់។
ជាក់ស្តែង កាលពីកម្មវិធីសម្ពោធ Album កាលពីអំឡុងខែមករា ឆ្នាំ ២០២៥ កន្លងទៅ លោក វណ្ណដា បានជម្រាបរួចមកហើយដែរ មូលហេតុ ដែលលោកបានលើកយកបទ «ចម្រៀងជូន Ex» មកផលិតជា Version 3 គឺគ្មានបំណងអ្វីទេ គឺលោកគ្រាន់តែចង់រំឭកទៅកាន់អតីតកាល ដោយបទនេះបានធ្វើឡើង និង មានប្រជាប្រិយភាពខ្លាំងកាលពីជិត ១០ ឆ្នាំ មុន៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖