កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកលេងបណ្តាសញសង្គមហ្វេសប៊ុក និង Tik Tok ជាពិសេស អ្នកគាំទ្រតារាចម្រៀង លីម តិចម៉េង បានឃើញរួចមកហើយ នូវសកម្មភាពបុរសម្នាក់មានគណនីហ្វេសប៊ុក និង Tik Tok ឈ្មោះ «គុណ ពៅណា ប្រពន្ធ លីម តិចម៉េង» តែងបង្ហោះវីដេអូ និង សារក្នុងន័យជាគូស្នេហ៍ជាមួយលោក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងខ្លាំង។

លើសពីនោះ ម្ចាស់គណនីហ្វេសប៊ុក និង Tik Tok ខាងលើនេះ បានទៅដល់មុខផ្ទះរបស់លោកជារឿយៗ និង បង្ហោះលើ Tik Tok ដែលជាហេតុបង្កឱ្យមានការប៉ះពាល់ដល់សិទ្ធិរបស់លោកជាខ្លាំង ខណៈលោកមិនដែល ស្គាល់បុគ្គលរូបនោះឡើយ ម្យ៉ាងវិញទៀត កន្លងមក លោក លីម តិចម៉េច ធ្លាប់បានក្រើនរំឭកឱ្យបុគ្គលនោះបញ្ឈប់សកម្មភាពម្តងហើយដែរ ប៉ុន្តែបុគ្គលខាងលើនោះនៅតែបន្ត ជាហេតុធ្វើឱ្យលោក លីម តិចម៉េង ក៏បានរកមេធាវីឱ្យជួយដោះស្រាយ ដោយកាលនោះលោកនឹងទុកពេល ៤៨ ម៉ោង ឱ្យបុគ្គលរូបនោះ បើសិនជានៅតែបន្តធ្វើសកម្មភាពដដែលៗទៀត លោក និង មេធាវីនឹងអនុវត្តតាមនិតិវិធីច្បាប់។

យ៉ាងណាមិញ ក្រោយការចេញលិខិតពីមេធាវីហើយនោះ បុរសខាងលើ ក៏បានលុបនូវវីដេអូ និង រូបភាពខ្លះ ដែលបានបង្ហោះពាក់ព័ន្ធនឹងលោក លីម តិចម៉េង ដែរ។ នេះបើតាមការឱ្យដឹងពី លោក លីម តិចម៉េង ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាថ្មីនោះ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ លោក លីម តិចម៉េង បានធ្វើការ Live វីដេអូលើហ្វេសប៊ុក បន្ទាប់ពីបុរសរូបនោះ បានទៅក្បែរផ្ទះលោកជាថ្មី។

តាមរយៈវីដេអូនៃការ Live លោក លីម តិចម៉េង បានឱ្យដឹងថា បុរសរូបនោះ បានទៅក្បែរៗផ្ទះលោក ដោយលោកបានឃើញទើបទាញទូរស័ព្ទមក Live ដើម្បីទុកជាភស្តុតាងតែម្តង។ ម្យ៉ាងវិញទៀត នៅពេលសាកសួរ ថាហេតុអ្វីបុរសនោះធ្វើបែបនេះ ម្ចាស់សាមីខ្លួន ក៏បានឆ្លើយថាព្រោះស្រឡាញ់។ ក្នុងនោះ អ្វីដែលកាន់តែហួសចិត្ត ពេលលោក លីម តិចម៉េង សួរថា ជាអ្វីនឹងលោក បុរសនោះនៅតែអះអាងថាជាប្រពន្ធ និង ឱ្យលោក លីម តិចម៉េង ស្បថទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖









