គិតត្រឹមថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ មានមនុស្សប្រមាណជាង ២០០០ នាក់ហើយបានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកនៅប្រទេសមីយ៉ាន់ម៉ា ខណៈមានព្រះសង្ឃភូមាចំនួនជាង ២០០ អង្គ បានរងរបួសពីកម្ទេចកម្ទីនៃវត្តអារាមដែលបានដួលរលំ។ នេះបើតាមការឱ្យដឹងពីព័ត៌មានបរទេស Khaosod នៅថ្ងៃទី ១ ខែមេសា នេះ។
ទន្ទឹមទៅនឹងហេតុការណ៍រញ្ជួយដីដ៏កក្រើកនៅប្រទេសមីយ៉ាន់ម៉ានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាចែករំលែកវីដេអូស្ត្រីម្នាក់ ត្រូវបានបំណែកអគារដែលបានបាក់ក្នុងហេតុការណ៍រញ្ជួយដី រលំសង្កត់សល់ត្រឹមតែក្បាលតែប៉ុណ្ណោះ គួរឱ្យអាណិតអាសូរជាទីបំផុត។
ជាក់ស្ដែង តាមរយៈវីដេអូប្រមាណ ៤១ វិនាទី បានបង្ហាញពីសកម្មភាពស្ត្រីមួយរូបដែលពុំអាចសន្មតថាជាកុមារ ឬ មនុស្សពេញវ័យ ដោយមានបង្ហាញត្រឹមតែក្បាលរវើកប៉ុណ្ណោះ ដ្បិតថារូបរាងកាយរបស់គេ ត្រូវបានគ្រប់ដណ្ដប់ជិតអស់ទៅដោយបំណែកអគារដែលបាក់បែក បន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិតខ្ពស់នៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះ គេក៏សង្កេតឃើញមានប្រជាពលរដ្ឋបាននាំគ្នាដុតដៃដុតជើង កាយដី និង យកបំណែកថ្មចេញដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍ដ៏អាកក្រក់នឹកស្មានពុំដល់មួយនេះ៕