ចាប់តាំងពីរៀបការសាងគ្រួសារមក តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច កាន់តែទទួលបានក្ដីសុខសុភមង្គលក្នុងជីវិតប្ដីប្រពន្ធ ថែមទាំងអ្នកនាង និង ស្វាមី បានចាប់ដៃគ្នាកាន់កាប់ជំនួញពេញដៃ ទាំងវិស័យអនឡាញ និង របររកស៊ីផ្សេងៗយ៉ាងកាក់កប ដែលប្ដីប្រពន្ធមួយគូនេះ កំពុងរស់នៅក្នុងជីវភាពហ៊ឺហា ជិះសុទ្ធរថយន្តទំនើប ប្រើប្រាស់របស់របរម៉ាកល្បីៗ ទៅកន្លែងប្រណីតៗថ្លៃៗ ចាយជីវិតបែបអភិជនទាំងវ័យក្មេង។
បើនិយាយពីមុខជំនួញការរកស៊ីរបស់តារាចម្រៀងស្រី វីរៈ និច្ច និង ស្វាមី កាលពីអំឡុងចុងឆ្នាំ ២០២៣ កន្លងទៅ ត្រូវបានគេដឹងថាប្ដីប្រពន្ធមួយគូនេះ បានចាប់ផ្ដើមកាន់កាប់ការរកស៊ីដ៏ធំមួយ គឺបានបើកភោជនីយដ្ឋានបែបរាត្រីមានឈ្មោះថា N1 Taxi Lounge នៅឯក្រុងព្រះសីហនុ និង ចាប់ផ្ដើមអាជីវកម្មអនឡាញផ្សេងៗបន្តបន្ទាប់ទៀត។
លើសពីនេះ ក្រោយបើកភោជនីយដ្ឋាន N1 Taxi Lounge បានដំណើរការកាក់កប ជិត ២ ឆ្នាំ មកដល់មួយរយៈមុន ក៏បានឃើញ វីរៈ និច្ច និង ស្វាមី បង្ហាញរូបភាពសម្ភោធទីតាំងភោជនីយដ្ឋានថ្មីមួយទៀត ដែលមានឈ្មោះថា N1 PLUS Lounge ក្នុងក្រុងព្រះសីហនុ ដោយកំពុងដំណើរការយ៉ាងកាក់កបដែរ។
ដោយឡែក បន្ទាប់ពីបើកជំនួញភោជនីយដ្ឋានទាំង ២ កាន់តែកាក់កប មកដល់ថ្មីៗនេះ ក៏ឃើញ វីរៈ និច្ច និង ស្វាមី បានបង្ហាញសកម្មភាពសម្ពោធទីតាំង Pub ថ្មីមួយកន្លែងទៀត មានឈ្មោះ SoLo Pub ទើបចាយទុនរាប់ម៉ឺនដុល្លារធ្វើឡើងនៅលើទឹកដីក្រុងព្រះសីហនុដដែល។
ទន្ទឹមនឹងនេះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនក៏បានចូលបង្ហាញការអបអរ និង ជូនពរចំពោះតារាចម្រៀងស្រីរូបនេះ និង ស្វាមី ឱ្យកាន់តែទទួលបានសុភមង្គលជោគជ័យក្នុងជីវិតថែមទៀត៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖