មហាជននិយមតាមដានពីការងារសិល្បៈរបស់ក្រុមតារាចម្រៀងរ៉េប La Cima Cartel ច្បាស់ជាបានជ្រាបមកហើយ ពីសមត្ថភាពនៃសមាជិកទាំង ៧ រូប រួមមាន លោក Hasha, លោក Meezy24K, លោក All3rgy, លោក YCN Rakhie, លោក YCN Tomie, លោក YCN Dizzy និង លោក មុត ភារិន។ ក្នុងនោះដែរ សមាជិកម្នាក់ៗសុទ្ធតែមានជំនាញ និង ទេពកោសល្យនៅក្នុងវិស័យតន្ត្រីរៀងៗខ្លួនទៀតផង។

ដោយឡែក ក្រឡេកទៅមើលសមាជិក ១ រូប គឺលោក មុត ភារិន ឯណោះវិញ ច្បាស់ជាមានមហាជនអ្នកគាំទ្របានជ្រាបខ្លះមកហើយថាលោកគឺជាសមាជិកតែម្នាក់គត់នៅក្នុងក្រុមចម្រៀងរ៉េប La Cima Cartel ដែលពុំសូវបង្ហាញប៉ារ៉ូលចម្រៀងរ៉េប ដូចមិត្តរួមក្រុម ៦ នាក់ទៀតនោះឡើយ ពោលគឺលោក មុត ភារិន និយមបញ្ចេញបទចម្រៀងបែបផ្អែមល្ហែម មនោសញ្ចេតនាច្រើនទៅវិញ។

ជាការពិតណាស់ តួនាទីនៅក្នុងក្រុម La Cima Cartel នោះ លោក មុត ភារិន គឺមិនមែនជាតារាចម្រៀរ៉េបនោះទេ តែលោកគឺជាតារាចម្រៀង និង ជាអ្នកនិពន្ធមួយរូប។ ក្នុងនោះដែរ បទចម្រៀងជាច្រើនមកហើយរបស់ក្រុម La Cima Cartel គឺត្រូវបានផលិតឡើងដោយស្នាដៃរបស់លោក មុត ភារិន ទៀតផង។

ដោយឡែក ត្រឹមវ័យ ២៥ ឆ្នាំ លោក មុត ភារិន មិនត្រឹមតែបានបង្កើតស្នាដៃផលិតចម្រៀងសម្រាប់តែក្រុមចម្រៀង La Cima Cartel នោះឡើយ គឺតារាចម្រៀងសំឡេងផ្អែមប្រចាំក្រុម La Cima Cartel រូបនេះ បានបញ្ចេញថ្មីដៃនៅពីក្រោយចម្រៀងប្រមាណ ២០០ ទៅ ៣០០ បទទៅហើយ សម្រាប់សិល្បករ សិល្បការិនីជាច្រើនក្នុងវិស័យតន្ត្រីនេះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖



