និយាយពីតារាចម្រៀងប្រុសពន្លកចេញពីកម្មវិធី Cambodian Idol លោក ថុល សុភិទិ បច្ចុប្បន្នអាចចាត់ទុកជាតារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈ ដែលឆក់បានការស្រឡាញ់គាំទ្រខ្លាំងពីយុវវ័យលើសមត្ថភាពក្នុងអាជីពចម្រៀងរបស់លោក។
លើសពីនេះ ប៉ុន្មានឆ្នាំមកនេះ ថុល សុភិទិ កាន់តែក្ដោបបានទីផ្សារខ្លាំងលើវិស័យចម្រៀង ដែលតែងលេចមុខក្នុងកម្មវិធីប្រគំតន្រ្តីតូចធំមិនដាច់ ជាពិសេសត្រូវបានអញ្ជើញច្រៀងតាមបណ្ដាភោជនីយដ្ឋាន Pub, Club ផ្សេងៗជាហូរហែ។
ដោយឡែក ស្របពេលកំពុងជោគជ័យមួយកម្រិតលើវិស័យចម្រៀង ថ្មីៗកន្លងទៅនេះ លោក ថុល សុភិទិ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពរបស់លោក ខណៈបានឃើញលោកបង្ហាញក្ដីស្រមៃថ្មីរបស់ខ្លួនទាក់ទងនឹងសិល្បៈបុរាណ ដោយបានហាត់រៀនសម្ដែងផ្នែកល្ខោនយីកេទៀតផង។
ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរលើសមត្ថភាព និង ទេពកោសល្យរបស់តារាចម្រៀងប្រុសរូបនេះ បន្ទាប់ពីហាត់រៀនសិល្បៈបុរាណផ្នែកល្ខោនយីកេនេះ លោកក៏បានសម្ដែងផ្ទាល់ជាមួយនឹងរៀមច្បង កែវ សុផានិត និង ក្រុមសិល្បៈផ្នែកល្ខោនយីកេផ្សេងទៀត ដែលឃើញថាទាំងការច្រៀង និង សម្ដែងសាច់រឿង «ទុំទាវ» លោកធ្វើបានល្អសមខ្លាំងមិនចាញ់រៀមច្បងឡើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖