ជាការពិតណាស់ មហាជននិយមតាមដានទស្សនាវីដេអូរបស់អ្នកផលិតមាតិកាអន្តរជាតិ ២ រូប រួមមានលោក Chris Rodriguez ម្ចាស់ផេក Travelwithchris និង លោក China Mac ម្ចាស់គណនី Youtube China Mac Tv ច្បាស់ជាបានជ្រាបហើយ ពីការមកកាន់កម្ពុជាកន្លងមករបស់អ្នកទាំង ២។ ក្នុងនោះដែរ លោក Chris Rodriguez និង លោក China Mac មិនត្រឹមតែមកផ្សព្វផ្សាយពីទេសចរណ៍កម្ពុជានោះទេ តែលោកតែងតែងជួយដល់ប្រជាជនកម្ពុជាទៀតផង។

ជាក់ស្តែង ក្រោយពីទាហានថៃបានប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជានៅភូមិព្រៃចាន់ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងមក បណ្ដាលឱ្យពលរដ្ឋខ្មែរបាត់បង់ជីវិតម្នាក់ និង របួស ៣ នាក់ រីឯប្រជាជនក្នុងភូមិព្រៃចាន់ទាំងមូល បានភៀសខ្លួន ដើម្បីរកទីទួលមានសុវត្ថិភាព។ ងាកមកអ្នកផលិតមាតិកា លោក Chris Rodriguez និង លោក China Mac បានទៅដល់ទីតាំងភៀសសឹក ដើម្បីយកអំណោយទៅជូនដល់ប្រជាជនផងដែរ។

ក្នុងនោះដែរ លោក Chris Rodriguez និង លោក China Mac រួមទាំងមិត្តភក្តិ និង ក្រុមការងារ បានចុះដល់ទីតាំងភូមិព្រៃចាន់ដោយផ្ទាល់ ព្រមទាំងបានយកទឹកសុទ្ធចំនួន ២០០ កេះ និង អង្ករ ២ តោន ជូនដល់ទីតាំងជនភៀសសឹកនៅ វត្តចាន់ស៊ីសាមគ្គីរតនារាម។ ទង្វើនេះដែរ ក៏បានធ្វើឱ្យមហាជនបានសរសើរពីទឹកចិត្តរបស់អ្នកផលិតមាតិកាទាំង ២ រូប ដែលតែងតែជួយដល់ប្រជាជនកម្ពុជា និង ផ្សព្វផ្សាយពីកម្ពុជា ដែលកំពុងតែរងការឈ្លានពានម្តងហើយម្តងទៀតពីប្រទេសថៃ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖




