ពិតណាស់ ដ្បិតតែតារាសម្ដែង ស៊ីន យូប៊ីន ត្រូវបានគេចាប់អារម្មណ៍ថាមិនសូវបង្ហាញពីសកម្មភាពការងារសិល្បៈលើហ្វេសប៊ុកដូចពីមុន ប៉ុន្តែតារាស្រីរូបនេះ ក៏នៅតែមានឥទ្ធិពលខ្លាំងក្ដោបបានទីផ្សារការងារយ៉ាងមមាញឹកទាំងក្នុង និង ក្រៅប្រទេស។

ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ តាមរយៈការបង្ហោះលើបណ្ដាញសង្គមអ៊ិនស្ដាក្រាមរបស់តារាសម្ដែងរូបនេះ ក៏បានឃើញនាងបង្ហាញពីការងារសិល្បៈរបស់ខ្លួនពេញដោយមោទកភាព ដែលនាងទទួលបានការអញ្ជេញពីកម្មវិធីទទួលពានរង្វាន់របស់ទស្សនាវដ្ដីអាមេរិកដ៏ធំនៅវៀតណាម គឺ Harper’s BAZAAR Vietnam ដែលរៀបចំឡើងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥។


យ៉ាងណាមិញ ចំពោះវត្តមានរបស់តារាសម្ដែងកម្ពុជា ស៊ីន យូប៊ីន ក្នុងកម្មវិធីទទួលរង្វាន់ដ៏ធំលើទឹកដីវៀតណាមនេះ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ខ្លាំង ដែលនាងបានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ដ៏ប្រណីតរំលេចដោយវប្បធម៌ប្រពៃណីខ្មែរ។



លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនកំពុងចែករំលែកសរសើរ និង មានមោទកភាពចំពោះនាង ក្រៅពីឡើងទៅទទួលពានរង្វាន់ដ៏ធំ ក៏ឃើញតារាស្រីរូបនេះ ទទួលបានកិត្តិយសឡើងសម្ដែងចម្រៀងដោយផ្ទាល់លើឆាកអន្តរជាតិដ៏ធំនេះដែរ ថែមទាំងបាននាំយករបាំខ្មែរមណីមេខលាសម្ដែងជាទស្សនីយភាពក្នុងបទចម្រៀងយ៉ាងអស្ចារ្យទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖







