បើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ១០ ខែ មកហើយ នៃមរណភាពរបស់អ្នកដឹកនាំល្បីឈ្មោះ លោក កៅ សីហា ដែលបានចែកឋានទៅដោយសារជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ។
ក្នុងនោះដែរ បើទោះជាការចាកចេញរបស់លោក កៅ សីហា អស់រយៈពេលជាច្រើនខែក្តី ប៉ុន្តែការចងចាំអ្នកដឹកនាំល្បីរូបនេះ នៅតែបន្សល់ក្នុងការចងចាំរបស់ក្រុមគ្រួសារ មិត្តភក្តិ អ្នកក្នុងរង្វង់សិល្បៈ និង អ្នកគាំទ្រជានិច្ច។
ដោយឡែក កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមនានា ជាពិសេស អ្នកគាំទ្រ លោក កៅ សីហា មានអារម្មណ៍ស្រណោះយ៉ាងខ្លាំង ខណៈខ្សែភាពយន្ត ដែលជាស្នាដៃរបស់លោក សហការណ៍ផលិតជាមួយ លោក PeyPey Dy និង លោក Ah Da Sakada គឺរឿង «ភូមិគ្រឹះអាគម» បានដាក់សម្ពោធជាផ្លូវការហើយ តែគ្មានវត្តមានលោកចូលរួមនោះឡើយ។
ក្នុងនោះដែរ អ្វីដែលកាន់តែធ្វើឱ្យអ្នកចូលរួម ក៏ដូចជាអ្នកទស្សនាតាមរយៈការ Live មានការក្តុកក្តួលរហូតទប់ទឹកភ្នែកមិនបាននោះ ដោយក្នុងការសម្ពោធរឿង លោក PeyPey Dy និង លោក Ah Da Sakada បានយកផ្ទាំងរូបថតរបស់លោក កៅ សីហា មកបង្ហាញនៅលើឆាក ព្រមទាំងពាក់កម្រងផ្កាជូន ដើម្បីអបអរការដាក់សម្ពោធស្នាដៃរបស់លោកបានចូលរួមផលិតកាលនៅមានជីវិត។
គួរជម្រាបថា ខ្សែភាពយន្ត «ភូមិគ្រឹះអាគម» គឺជាស្នាដៃរួមគ្នារវាង លោក កៅ សីហា កាលនៅមានជីវិត ជាមួយនឹងលោក PeyPey Dy និង លោក Ah Da Sakada។ ខ្សែភាពយន្តនេះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ និង ដាក់បញ្ចាំងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ នៅរោងភាពយន្តខ្មែរតែមួយគត់ គឺ Legend Cinema៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖