ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកជាច្រើនតៗគ្នា ក្រោយពីបានឃើញអ្នកនិពន្ធចម្រៀងដ៏ល្បី ឧកញ៉ា យឹម តាស្រង់ បានប្រាប់ពីស្ថានភាពស្ទើរបាត់បង់ជីវិត ព្រោះតែគាំងបេះដូង នៅក្នុងបន្ទប់សូណា។
ឧកញ៉ា យឹម តាស្រង់ បានបង្ហោះវីដេអូ ក្នុងហេតុការណ៍ជួបរឿងអាក្រក់នៅឯកន្លែងសូណា និង រៀបរាប់ថា ឧកញ៉ាទម្លាប់ចូលត្រាំទឹកត្រជាក់ជាប្រចាំ និង យកទឹកសុទ្ធត្រជាក់ៗមកស្រោចលើក្បាលមុននឹងចូលសូណាជាប្រចាំ ប៉ុន្តែលើកនេះ ក្រោយធ្វើដូចសព្វមួយដងហើយនោះ ស្រាប់តែអង្គុយក្នុងបន្ទប់សូណាបានប្រមាណ ២ នាទី ឧកញ៉ា យឹម តាស្រង់ ចាប់ផ្តើមកន្ទួលរមាស់ពេញខ្លួន និង ចាប់ផ្តើមមានអាការវិលមុខ ក៏ចេញពីបន្ទប់សូណាភ្លាម។
អ្នកនិពន្ធល្បីខាងលើបានបន្តថា ក្រោយចេញពីបន្ទប់សូណា ឧកញ៉ា ចាប់ផ្តើមអត់ស្រួលកាន់តែខ្លាំង ហើយដង្ហើមកាន់តែថប់ បេះដូងដើរខុសប្រក្រតី និង ស្មារតីក៏ហាក់ភាំងៗទៀត។ យ៉ាងណាមិញ ក្រោយជួបហេតុការណ៍មិននឹកស្មាន និង ទឹកដោះម្តាយថ្លៃ ឧកញ៉ា យឹម តាស្រង់ បានរួចផុតពីគ្រោះថ្នាក់អាក្រក់នោះ។
ក្នុងនោះវីដេអូ រៀបរាប់ប្រមាណជាង ៤ នាទី របស់ឧកញ៉ា យឹម តាស្រង់ បានធ្វើឱ្យមហាជនមានការព្រួយបារម្ភ និង ជូនពរឧកញ៉ាឱ្យមានសុខភាពល្អឡើងវិញ។ លើសពីនោះ វីដេអូនេះ ក៏ជាសារដាស់តឿនដល់អ្នកទម្លាប់ធ្វើរឿងដូចខាងលើនេះ ឱ្យយកចិត្តទុកដាក់មែនទែន៕