ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សិល្បករ សិល្បការិនីជាច្រើន បានចែករំលែកនូវវីដេអូរបស់តារាចម្រៀងមួយរូប គឺលោក Ah Por ក្នុងសិល្បៈឈ្មោះ Taa Zvet ដែលបានសម្តែងក្នុងកម្មវិធីសង្ក្រាន្តនៅវិទ្យាល័យមួយកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងនោះដែរ វីដេអូ កំពុងត្រូវបានអ្នកសិល្បៈ និង អ្នកគាំទ្រមួយចំនួនមានការប្រតិកម្មនោះ ខណៈលោក Ah Por កំពុងច្រៀងនៅលើឆាកសុខៗ តែត្រូវបានលោកគ្រូម្នាក់ បានលើកម៉ៃក្រូមកនិយាយឱ្យបញ្ចប់ការសម្តែងភ្លាមៗ។
តាមរយៈវីដេអូនោះដែរ លោកគ្រូរូបនោះ បាននិយាយថា៖ «អធ្យាស្រ័យប្អូន បទសេដម៉េសប្អូន ឈប់ច្រៀងសិនទៅប្អូន ដាក់បទញាក់រាំទាំងអស់គ្នា អ្នកចម្រៀងមកពីណាហ្នឹងច្រៀងមក មកច្រៀងពេលហ្នឹង ជួយដាក់បទញាក់ ម៉ោង ៥ ខ្ញុំបិទហើយ»។ ក្រោយពីវីដេអូនោះ បានចែករំលែកហើយនោះ មហាជនជាច្រើន ក៏បានបញ្ចេញមតិវែកញែកជាបន្តបន្ទាប់ផងដែរ។
ដោយឡែក ក្រោយពីឃើញវីដេអូរបស់លោក Ah Por នោះហើយ ស្រាប់តែធ្វើឱ្យមហាជន និង អ្នកសិល្បៈជាច្រើនបាននឹកឃើញដល់រឿងស្រដៀងគ្នា ដែលបានកើតឡើងកាលពីឆ្នាំ ២០២៤ ទៅលើក្រុម Hashtag Band នៅពេលសម្តែងក្នុងកម្មវិធីសង្ក្រាន្តនៃវិទ្យាល័យមួយ ហើយត្រូវបានខាងសាលាប្រកាសផ្អាកពាក់កណ្ដាលទីដូចគ្នា ទាំងការចុះទៅសម្ដែងនោះគឺពួកគេមិនទទួលបានកម្រៃឡើយ។

កាលនោះ ក្រុម Hashtag Band ក៏បានជួបរឿងស្រដៀងគ្នានឹងលោក Ah Por បានជួបនៅក្នុងឆ្នាំ ២០២៥ នេះដែរ ដោយច្រៀងសុខៗ ក៏មានអ្នកបន្លឺនិយាយតាមម៉ៃក្រូហ្វូនពីក្រោយឱ្យបញ្ចប់ការច្រៀងដូចគ្នា៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖

