ថ្មីៗនេះ អ្នកគាំទ្រ តារាចម្រៀង ឈិត សុវណ្ណបញ្ញា មានក្តីរំភើបចិត្តយ៉ាងខ្លាំង ដោយតារាចម្រៀងស្រីរូបនេះ បានវិលមកកាន់វិថីសិល្បៈជាថ្មីម្តងទៀតហើយ ដោយកញ្ញាបានចាប់ផ្តើមបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីមួយចំនួនតាមបណ្តាទូរទស្សន៍នានាផងដែរ។ ក្នុងនោះ ការវិលត្រឡប់មកវិញនេះ តារាចម្រៀងស្រីសំឡេងស្រទន់រូបនេះ នៅតែទទួលបានការគាំទ្រដូចដើម ពោលគឺ កញ្ញា ឈិត សុវណ្ណបញ្ញា មិនបាត់បង់អ្នកគាំទ្រមុនៗ ថែមទាំងទទួលបានអ្នកគាំទ្រថ្មីៗទៀតផង។
លើសពីនោះ ក្រោយខកខានអស់រយៈពេលជាង ៦ ឆ្នាំ នោះ ការវិលត្រឡប់មកកាន់ម៉ៃក្រូហ្វូនលើកនេះរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា គឺនឹងមិនទម្លាក់ដៃដូចមុនទៀតឡើយ ដោយប្រឡូកវិញភ្លាម កញ្ញា ឈិត សុវណ្ណបញ្ញា បានបញ្ចេញបទចម្រៀង និង MV ថ្មី ភ្លាមៗ ដើម្បីតបស្នងដល់ការរង់ចាំពីអ្នកគាំទ្ររបស់នាង ដោយចម្រៀងថ្មីនោះមានចំណងជើងថា «សតិអារម្មណ៍»។
យ៉ាងណាមិញ ក្រោយបទចម្រៀង និង MV ថ្មីបានចេញជាផ្លូវការហើយនោះ កញ្ញា ឈិត សុវណ្ណបញ្ញា ក៏បានបញ្ចេញនូវ Vlog ដំបូងរបស់ខ្លួនក្នុងការវិលមកកាន់ឆាកតន្ត្រីវិញ និង បានបញ្ជាក់ពីមូលហេតុនៃការបាត់មុខ ព្រមទាំងការវិលមកកាន់សិល្បៈលើកនេះដែរ។ ក្នុងនោះ កញ្ញា ឈិត សុវណ្ណបញ្ញា បញ្ជាក់ថា នាងបាត់មុខជាង ៦ ឆ្នាំ នេះ គឺមិនបានទៅណាទេ មូលហេតុក៏ព្រោះកាលជំនាន់កូវីដមកម្ល៉េះទើបធ្វើឱ្យនាងស្ងប់ស្ងាត់ ហើយការវិលមកលើកនេះ គឺនាងត្រឡប់មកដោយការលើកទឹកចិត្ត ការស្រឡាញ់របស់អ្នកគាំទ្រ និង ការមិនបោះបង់ក្តីស្រមៃរបស់ខ្លួនក្នុងនាមជាតារាចម្រៀងកាលជាង ២០ ឆ្នាំ មុន៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖