តាំងពីយប់ថ្ងៃទី ១១ រហូតដល់ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អ្នកគាំទ្រ Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា ទាំងក្នុង និង ក្រៅប្រទេស បានផ្ញើសារបង្ហាញអារម្មណ៍ហួសចិត្ត និង លើកទឹកចិត្តដល់នាងកាន់តែច្រើន ខណៈនៅថ្ងៃទី ១១ វិច្ឆិកា ហ្វីយ៉ាតា ទទួលបានការឡកឡាយជាថ្មីពីជនជាតិថៃម្នាក់។

បើតាមរយៈការបង្ហោះវីដេអូ នៅលើ Story ក្នុងគណនី IG របស់បវរកញ្ញា ហ្វីយ៉ាតា បានសន្ទនាជាភាសាអង់គ្លេសជាមួយនឹងបវរកញ្ញាដទៃទៀតទាំងទឹកភ្នែក ដោយ ហ្វីយ៉ាតា បានឱ្យដឹងថា មានជនជាតិថៃម្នាក់បាននិយាយភាសាថៃ សើចឡកឡាយដាក់នាង ដោយគិតថានាងមិនចេះស្តាប់។ ក្នុងនោះ ហ្វីយ៉ាតា បានបន្តថា នាងស្តាប់ហើយក៏ដើរចេញតែម្តងទៅ។

បន្ថែមពីនោះផងដែរ ក្នុងវីដេអូ ដែល អ្នកនាង ហ្វីយ៉ាតា បានបង្ហោះឡើងនោះ ក៏បានបញ្ជាក់ដែរថា នេះជាលើកទី ៣ ហើយ ដែលមានជនជាតិថៃមកឡកឡាយ សើចចំអកដាក់នាង។ លើសពីនោះ នាងក៏អរគុណដល់បវរកញ្ញាផ្សេងទៀត ដែលលើកទឹកចិត្ត មិនបោះបង់ចោលនាងនៅពេលនេះ។

ដោយឡែក ក្រោយពីទទួលរងការឡកឡាយ Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា ក៏បានបង្ហោះសារមួយនៅយប់ថ្ងៃដដែល ដោយសារនោះមានអត្ថន័យជាភាសាខ្មែរថា៖ «កុំធ្វើបាបផ្លូវចិត្ត ភាពល្អ និង ចិត្តល្អ មិនមែនគ្រាន់តែជាការនិយាយនោះទេ ប៉ុន្តែវាជាសកម្មភាពរបស់អ្នក»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖








