ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយជុំវិញរឿងវីដេអូ Prank ក្មេងស្រីលក់សណ្ដែកដីរបស់តារា TikTok កាកា កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះការចែករំលែកវែកញែកខ្លាំងលើតារា TikTok រូបនេះ។
ទាក់ទងនឹងរឿងរ៉ាវធ្វើឱ្យមហាជនផ្ទុះការវែកញែករិះគន់ខ្លាំងនេះដែរ ក្រោយពីបានឃើញសកម្មភាពរបស់តារា TikTok កាកា បានថត Prank ក្មេងស្រីអ្នកលក់សណ្ដែកដីរូបនោះ ដោយមានចេតនាចាក់សណ្ដែកដីរបស់ក្មេងស្រីនោះចោល រួចក៏ប្រាប់នាងថាជាការ Prank លេង និង បានយកលុយចំនួន ១០ ម៉ឺនឱ្យនាងវិញ ដែលទង្វើនេះ ធ្វើឱ្យមហាជនមានការមិនពេញចិត្តជាខ្លាំងចំពោះនាង ដោយចាត់ទុកថាជាទង្វើមើលងាយចំពោះអ្នកដទៃ។ យ៉ាងណាមិញ ក្រោយពីទទួលបានការរិះគន់ ម្ចាស់សាមីខ្លួន ពោលគឺតារា TikTok កាកា បានផុស Story និង ឡាយវីដេអូនិយាយបកស្រាយជុំវិញរឿងវីដអូ Prank នេះថា គ្រាន់តែជាការថតសម្ដែងលេងជាមួយក្មេងស្រីលក់សណ្ដែកដីប៉ុណ្ណោះ។
ដោយឡែក ជុំវិញរឿងរ៉ាវខាងលើនេះដែរ គេក៏បានឃើញអ្នកផលិតមាតិកាល្បីឈ្មោះ គឺលោក Rick KH ក៏បានចេញមកនិយាយដូចគ្នា ដោយក្នុងនោះ លោកក៏បានលើករឿងការ Prank ក្មេងស្រីលក់សណ្តែកដី និង រឿងការ Prank មនុស្សចាស់ ដែលធ្លាប់មានអ្នកផលិតមាតិកាមួយចំនួនតូចបានធ្វើ។ ម្យ៉ាងវិញទៀត លោក Rick KH ក៏បានសំណូមពរដល់អ្នកផលិតមាតិកាបញ្ឈប់ការលេង Prank បែបតក់ស្លុតនេះ។
មិនប៉ុន្មានម៉ោង ស្រាប់តែលោក Rick KH បានបង្ហោះវីដេអូថ្មីមួយទៀត ដោយបានបង្ហាញនូវសារសំឡេងរបស់អ្នកផលិតមាតិកាមួយរូប ដែលមហាជនបានស្គាល់ថាជាលោក ណុកណុក បានឆាតមកកាន់ផេករបស់លោក ដោយប្រើពាក្យធ្វើឱ្យលោក Rick KH មិនអាចឆ្លើយតបបាន។
ក្នុងនោះ សារដែលលោក Rick KH បានបង្ហាញ ជាសំឡេងរបស់ ណុកណុក និយាយថា៖ «ហ្ហេ! អាក្មេងខុសភេទ ហែងនិយាយហ្នឹងដៀមដាមឱ្យអ្នកណាហ្ហា សណ្តែកដីឱ្យដឹងសណ្តែកដី និយាយហ្នឹង ហែងប៉ះចូលស្អីធ្វើបាបមនុស្សចាស់ លុយ ទឹកភ្នែកម៉េចហ្ហា ហែងនៅណាឥលូវ» និង សារមួយសំឡេងទៀតគឺ «បងសុំជួបហែ្ហងតិច ហើយបងសុំសួរនាំហែ្ហងតិចមើលហ្ហា ហែ្ហងការងារគឺខុសគ្នា អូនឯងនិយាយហ្នឹង គឺលក្ខណៈ viral ទៅអ្នកធ្វើវីដេអូធ្វើបាបចាស់ៗ បងគ្រាន់តែលេងកំប្លុកកំប្លែង ប៉ុន្តែអូនឯងនិយាយ និយាយឱ្យចំប្រភព សណ្តែកដីដឹងសណ្តែកដី យើងអត់អាច viral អត់អាចវាយអ៊ួរចូលទាំងអស់ទេ យល់ហ្ហេ អូនឯងនិយាយកុំយកមុខមាត់ខ្លួនឯង បងចង់សួរអូនឯង ហើយអូនឯងនៅណា បងចង់ជួបអូនឯង ហើយបងសម្ភាសន៍អូនឯង»។
ងាកទៅកាន់លោក Rick KH ក៏បានមិនបានឆ្លើយតបអ្វី គ្រាន់តែអមនូវសារលើវីដេអូថា៖ «ជាធម្មតាទៅហើយ ដែលបងៗ Creator មួយចំនួនស្អប់ខ្ញុំ ដោយអចេតនា ព្រោះខ្ញុំនិយាយជារួមចង់ឱ្យសង្គមរបស់ខ្ញុំល្អ។ ដោយឡែកបងប្រុសឆាតមកខ្ញុំបែបនេះ ក្រុមគ្រួសារ និង បុគ្គលិកខ្ញុំទាំងអស់មិនអាចតបបងវិញបានទេ សូមបងអធ្យាស្រ័យ»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ២៖