បន្ទាប់ពីចាប់អារម្មណ៍តាមដានកម្មវិធីប្រពៃណីពិសេសៗក្នុងរោងជ័យនៃមង្គលការតារាចម្រៀង រ៉ាប៊ី និង លោក Nick Taylor ហើយ បើក្រឡេកទៅមើលទិដ្ឋភាពនាពេលល្ងាចវិញ ក្នុងកម្មវិធីជប់លៀងនៃថ្ងៃមង្គលនេះ ឃើញថាមានការរៀបចំកាន់តែប្រណីត និង ត្រជាក់ភ្នែកខ្លាំងនៃបរិវេណរោងការទាំងមូល ដែលរចនាដោយផ្កាស្រស់ពណ៌សយ៉ាងស្រស់ស្អាតអមដោយដើមឈើធំៗមានភាពរ៉ូមែនទិចខ្លាំង។
ក្នុងកម្មវិធីពេលល្ងាចនេះដែរ ក៏បានឃើញវត្តមានរបស់មិត្តអ្នកសិល្បៈជាច្រើនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឈុតសម្លៀកបំពាក់ស្អាតៗសង្ហាៗ ដែលចូលរួមអបអរជូនពរគូស្វាមីភរិយាមួយគូនេះ ពេញដោយស្នាមញញឹម និង រំភើបជំនួសអ្នកទាំងពីរ។
អ្វីកាន់តែគួរឱ្យចាប់អារម្មណ៍ និង ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួសនោះ ក្នុងទិដ្ឋភាពនៃកម្មវិធីកាត់នំក្នុងថ្ងៃមង្គលនេះ ដែលមានការច្រៀងដោយផ្ទាល់ពីកូនក្រមុំ ដោយកញ្ញា រ៉ាប៊ី បានលើកយកបទចម្រៀងដែលនិពន្ធសម្រាប់ថ្ងៃមង្គលការរបស់នាង ច្រៀងជូនស្វាមីយ៉ាងពីរោះ និង ពេញដោយក្ដីសុខ។
ពេលនោះដែរ ងាកទៅមើលកូនកំលោះលោក Nick Taylor វិញ ក៏បានរលីងរលោងស្រក់ទឹកភ្នែកដោយក្ដីរំភើបខ្លាំង ព្រោះបានឃើញកូនក្រមុំដ៏ស្រស់សោភារបស់លោក ច្រៀងចម្រៀងដ៏មានន័យជូនលោកជាពិសេស ក្នុងថ្ងៃដ៏មានក្ដីសុខរបស់អ្នកទាំងពីរ៕
សូមទស្សនាវីដេអូខាងក្រោម៖





