ពិតណាស់ ដំណើរថ្មើរជើងរបស់បវរកញ្ញា កុយ អេនណា ពីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើមូលនិធិសប្បុរសធម៌ និង ចូលរួមផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ បានសម្រេចដល់គោលដៅទៅដល់ទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដោយចំណាយពេលដើររយៈពេល ១៩ ថ្ងៃ។
ជាមួយនឹងដំណើរដើរទៅដល់គោលដៅនៃទឹកដីអង្គរ កុយ អេនណា ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅបំផុតពីបងប្អូនអ្នកខេត្តសៀមរាប ព្រមទាំងមហាជនលើបណ្ដាញសង្គមបង្ហាញការអបអរដោយក្ដីស្រឡាញ់ស្ងប់ស្ងែង និង មោទកភាពខ្លាំងចំពោះរូបនាង។
ក្រោយបញ្ចប់បេសកកម្មជិត ១ ខែ មកដល់ថ្មីៗនេះ ក៏បានឃើញបវរកញ្ញា កុយ អេនណា បានចេញវីដេអូមួយនិយាយរៀបរាប់ពីអនុស្សាវរីយនៃការដើរថ្មើរជើងរបស់នាង និង រឿងរ៉ាវដែលបានជួបប្រទះជាច្រើន មានទាំងឧបសគ្គ ការលំបាក ប៉ុន្តែក្នុងនោះ នាងក៏ទទួលបានកម្លាំងចិត្ត និង ក្ដីស្រឡាញ់ដ៏ធំធេងពីបងប្អូនតាមស្រុកភូមិ។
ក្នុងវីដេអូនេះដែរ កញ្ញា កុយ អេនណា ក៏បានជូនដំណឹងដល់មហាជនពីចំនួនថវិកាមូលនិធិសប្បុរធម៌ ដែលនាងទទួលបានពីបងប្អូនក្នុងការដើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបនេះ សរុបជាថវិកាចំនួន ១២៤ ៦១៦ ដុល្លារ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖