ពិតណាស់ កាលពីថ្មីៗកន្លងទៅ បវរកញ្ញាដ៏មានប្រជាប្រិយភាព កុយ អេនណា បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ និង សរសើរខ្លាំង ក្រោយឃើញនាងប្រកាសដំណឹងពីគម្រោងនៃការរៀបចំធ្វើកម្មវិធីសប្បុរធម៌លើកដំបូង តាមរយៈការធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍»។
ចំពោះការរៀបចំកម្មវិធីដំណើរថ្មើរជើងនេះ កញ្ញា កុយ អេនណា ធ្វើឡើងក្នុងគោលបំណង ២ គឺ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និង ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីសៀមរាបផងដែរ។ ក្នុងនោះ កញ្ញា កុយ អេនណា ក៏បានប្រកាសចេញដំណើរថ្មើរជើងពីភ្នំពេញ និង បើកទទួលមូលនិធិថវិកា ចាប់ពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃបញ្ចប់ដល់គោលដៅនៅខេត្តសៀមរាប។
មកដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ជាថ្ងៃដំបូងដែលបវរកញ្ញា កុយ អេនណា ចេញដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបហើយ ដែលនាងក៏បានបង្ហាញតាមរយៈការឡាយវីដេអូលើហ្វេសប៊ុកផ្ទាល់នៃសកម្មភាពដើរតាមដងផ្លូវ។ ជាមួយគ្នានោះ ក៏បានឃើញវីដេអូខ្លីៗថតដោយបណ្ដាអ្នកគាំទ្ររបស់ កុយ អេនណា បានបង្ហាញពីសកម្មភាពដើររបស់នាងតាមដងផ្លូវឆ្ពោះទៅខេត្តសៀមរាប យ៉ាងក្លាហាន មោះមុតពេញដោយកម្លាំងកាយមាំមួន និង កម្លាំងចិត្តធ្វើដើម្បីប្រទេសជាតិ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖