ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានមកដល់ មហាជនលើបណ្ដាញសង្គមកំពុងចាប់អារម្មណ៍ខ្លាំងពីវត្តមានរបស់អ្នកក្នុងសិល្បៈ ក៏ដូចជាស្រីស្អាតបវរកញ្ញាជាច្រើនបានតុបតែងខ្លួនជាទេវធីតា គ្រងគ្រឿងប្រដាប់សម្លៀកបំពាក់បុរាណខ្មែរដ៏ល្អឯក និង ប្រណីតៗថតបង្ហោះលើហ្វេសប៊ុកត្រៀមអបអរឱកាសចូលឆ្នាំថ្មីបន្តបន្ទាប់។
ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាកំពុងចាប់អារម្មណ៍ខ្លាំងទៀត ដោយឃើញថាមិនត្រឹមតែបងប្អូនអ្នកសិល្បៈ និង បវរកញ្ញាខ្មែរទេ ដែលបានគ្រង់ឈុតជាទេវធីតាឆ្នាំថ្មីនេះ តែជាលើកដំបូង បានឃើញបវរកញ្ញាលំដាប់អន្តរជាតិ គឺកញ្ញា Olla Levina ជនជាតិឥណ្ឌូនេស៊ី ម្ចាស់មកុដ Angel Planet International 2024 ក៏បានតុបតែងទ្រង់គ្រឿងជាទេវធីតាឆ្នាំថ្មី ព្រះនាង គោរាគទេវី យ៉ាងស្រស់ស្អាតល្អល្អះខ្លាំងដែរ។
ចំពោះរូបភាពនៃការគ្រង់ឈុតជាទេវធីតាឆ្នាំថ្មីនេះ កញ្ញា Olla Levina កំពុងត្រូវបានមហាជនអ្នកគាំទ្រកម្ពុជាជាច្រើនចាប់អារម្មណ៍ចែករំលែក និង សរសើរពីរូបសម្រស់ ក៏ដូចជាទឹកចិត្តដែលនាងស្រឡាញ់ពេញចិត្តនូវវប្បធម៌ ប្រពៃណីរបស់ខ្មែរផងដែរ៕