ថ្មីៗនេះ Safiétou Kabengele ដែលជាបវរកញ្ញា Miss Grand 2024 មកពីប្រទេសបារាំង និង ជាលំដាប់រងទី ៣ បានសម្រេចចិត្តលាលែងចេញពីដំណែងម្នាក់ទៀតហើយ ដោយនាងបានចេញវីដេអូរៀបរាប់ពីហេតុផលយ៉ាងច្រើន។
នាងបានរៀបរាប់នៅក្នុងវីដេអូថា នាងសុំប្រកាសថានឹងលាលែងពីដំណែងលំដាប់រងទី ៣ របស់នាងហើយ នាងចេញទៅមិនមែនដោយសារការខឹងឡើយ តែនាងចេញទៅដោយសារតែការស្រឡាញ់ភាពស្ងប់សុខ និង កិត្តិយសរបស់ខ្លួនឯង ហើយនាងក៏កំពុងតែត្រៀមដើរនៅលើផ្លូវថ្មីផងដែរ។
នាងបានឱ្យដឹងទៀតថា កន្លងមកនេះ នាងត្រូវគេមើលងាយប្រមាថដោយសាររឿងរ៉ាវមិនពិតជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងស្ថាប័នចេញមកបកស្រាយ ឬ ការពារនាងឡើយ អ្វីដែលធ្ងន់ជាងនេះ គឺលោក Nawat និយាយមើលងាយនាងនៅមុខអ្នកដទៃ ថានាងបានលុយហើយក៏បាត់ខ្លួនទៅ ទាំងដែលនាងត្រឡប់ទៅប្រទេសមុន គឺដោយសារតែម្តាយនាងឈឺ។
នាងបានព្យាយាមទាក់ទងទៅមនុស្សនៅក្នុងស្ថាប័ន តែបែរជាគ្មានអ្នកឆ្លើយតប នាងបានសំងំមិនមាត់ ព្រោះនាងនៅមានភាពស្មោះត្រង់ និង ក្តីស្រឡាញ់ចំពោះស្ថាប័ន តែលោកស្រី Teresa និង លោក Nawat បានប្លុកនាង ទើបធ្វើឱ្យនាងសម្រេចចិត្តសាជាថ្មី។ នាងទុកវេលា ៧២ ម៉ោងឱ្យស្ថាប័ន MGI ចេញបកស្រាយទាក់ទងនឹងដំណែងនាងជាថ្មី បើសិនជាចង់ឱ្យនាងបន្តដំណែងនេះ បើមិនដូច្នោះទេនាងនឹងចាកចេញ ព្រោះកន្លងមកមានចចាមអារ៉ាមថានាងត្រូវបណ្តេញឱ្យចេញពីដំណែង តែខាង MGI មិនដែលអើពើនឹងបកស្រាយឡើយ៕